Wednesday, April 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ភ្នំពេញ ដាក់ថ្ងៃប្រកាសសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅល្ងាចថ្ងៃទី២១មេសានេះបានចេញដីកាកោះឲ្យលោក កឹម សុខា ចូលខ្លួននៅថ្ងៃទី៣០ ខែមេសា ខាងមុខនេះ ដើម្បីស្តាប់ការប្រកាសសាលដីកា ក្នុងសំណុំរឿងក្បត់ជាតិរបស់លោក។

សូមជម្រាបជូនថា លោកកឹម សុខា បានប្តឹងទាស់នឹងសាលាក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសលោកឲ្យជាប់ឃុំខ្លួនក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។

សូមបញ្ជាក់ថា សវនាការលើសេចក្តីសន្និដ្ឋានផ្ទាល់មាត់សំណុំរឿងលោក កឹម សុខា នៅសាលាឧទ្ធរណ៍ភ្នំពេញត្រូវបានបញ្ចប់នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ។ បើតាមលោក ផែង ហេង សហមេធាវីការពារក្តីឲ្យលោក កឹម សុខា កូនក្តីលោកបានស្នើសុំ ៣ចំណុចទៅកាន់អង្គជំនុំជម្រះ ទី១ បដិសេធចោលសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទាំងស្រុង។ ទី២ ស្នើសុំឲ្យរូបលោក​​ រួចផុតពីការចោទប្រកាន់ទាំងអស់ ក្នុងហេតុផលថា លោកគ្មានចេតនាក្បត់ជាតិ ឬគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាឡើយ។ ទី៣ ក្នុងករណីតុលាការសម្រេចលើកលែងទោស និងឲ្យលោកមានសិទ្ធិសេរីភាព លោក កឹម សុខា នឹងប្រកាសភា្លមៗថាលោកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារប្រទេសជាតិ និងអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យយកចិត្តទុកដាក់លើបញ្ហាកម្ពុជាបន្ថែមទៀត ។
លោកមេធាវី​ ផែង ហេង ឱ្យដឹងទៀត​ថា
សាលាឧទ្ធរណ៍ភ្នំពេញ បានដាក់ថ្ងៃប្រកាសសាលក្រម លើសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៨៖៣០នាទីព្រឹក ។
សូមរម្លឹកថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរទៀតផង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×