Wednesday, April 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍រូបថត អបអរខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-គុយបា

រាជធានីភ្នំពេញ ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន បានសហការជាមួយស្ថានឯកអគ្គរដ្ឋទូតគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងការ រៀបចំពិព័រណ៍រូបថត នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន នៅថ្ងៃនេះ ដើម្បីអបអរសាទរខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា (១៩៦០-២០២៥)។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ គុយបាប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីរដ្ឋសភា ក្រសួង-ស្ថាប័ននានា អង្គទូត បរទេសប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នជាតិ-អន្តរជាតិ សរុបចំនួនប្រមាណ ២០០នាក់។
រូបថតចំនួន ៣១សន្លឹក ត្រូវបានជ្រើសរើសយកមកតាំងបង្ហាញក្នុងពិធីនេះ ដោយរំលេចអំពីពេល វេលា និងសមិទ្ធផលសំខាន់ៗ ដែលឆ្លុះបញ្ចាំងពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេស ទាំងពីរ ក្នុងរយៈពេលជាង ៦ទសវត្សរ៍មកនេះ ដោយចំណងមិត្តភាពដ៏រឹងមាំនេះ ឈរលើមូលដ្ឋាននៃការគោរព គា្នទៅវិញទៅមក សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន សុខាភិបាល អប់រំ ការទូត វប្បធម៌ កីឡា និងព័ត៌មាន។

ថ្លែងក្នុងពិព័រណ៍នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកអំពីសារៈសំខាន់ជា ប្រវត្តិសាស្ត្រនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ក្រោមព្រះរាជតម្រិះផ្តួចផ្តើមរបស់ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តម Fidel Castro អគ្គមគ្គុទេសក៍បដិវត្តន៍គុយបា។ ឯកឧត្តមក៏បានឆ្លៀតឱកាសសម្តែងនូវការដឹង គុណចំពោះគុយបា ដែលបានផ្ដល់ការគាំទ្រយ៉ាងមានតម្លៃដល់កម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការកសាង និងភាពរីកចម្រើនរបស់ កម្ពុជា នាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “រូបថតដែលដាក់តាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍នេះឆ្លុះ បញ្ចាំងពីប្រវត្តិសាស្ត្រ និងសមិទ្ធផលដែលកើតចេញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ»។ នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរវាង កម្ពុជា និងគុយបា នៅក្នុងវិស័យព័ត៌មាន ដោយផ្តោតជាសំខាន់លើការផ្លាស់ប្តូរព័ត៌មាន ការផ្សព្វផ្សាយ វប្បធម៌នៃប្រទេសទាំងពីរ និងការបណ្ដុះបណ្តាលជំនាញបច្ចេកទេសដល់អ្នកសារព័ត៌មាន។ ឯកឧត្តមបាន បង្ហាញពី «គោលជំហរដ៏រឹងមាំរបស់ក្រសួងព័ត៌មានក្នុងការពង្រឹងទំនាក់ទំនងជាមួយគុយបាឱ្យកាន់តែរឹងមាំ
ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឆ្លងដែន ក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត»។

ក្នុងពិធីនេះដែរ លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាក់ពីទំនាក់ទំនងប្រពៃណីដ៏រឹងមាំរវាងគុយបា និងកម្ពុជា ដោយកត់សម្គាល់ថា ទំនាក់ទំនងទ្វេភាគីនេះ នៅតែបន្តឈរលើគោលការណ៍រួម ការយោគយល់គ្នាទៅវិញទៅមក និងការប្ដេជ្ញ ចិត្តរួមគ្នាចំពោះសន្តិភាព និងច្បាប់អន្តរជាតិ។ លោកជំទាវ ឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖៖ «អស់ រយៈពេលជាង ៦៥ឆ្នាំមកនេះ ប្រទេសគុយបា និងប្រទេសកម្ពុជា បានពង្រឹងទំនាក់ទំនងពិសេស និងជា ប្រពៃណី ដោយផ្អែកលើគោលការណ៍រួមដ៏រឹងមាំ ការគោរពគ្នាទៅវិញទៅមក និងការយោគយល់គ្ន ក៏ដូចជា ការការពារសន្តិភាព និងបុព្វហេតុត្រឹមត្រូវ ក្នុងក្របខ័ណ្ឌនៃច្បាប់អន្ដរជាតិ។»
លោកជំទាវបានបន្តថា ពេលវេលាដ៏គួរឱ្យកត់សម្គាល់នៃចំណងមិត្តភាពជិតស្និទ្ធទាំងនេះ ត្រូវបាន បង្ហាញនៅក្នុងរូបថតនៃការតាំងពិព័រណ៍ ដែលរៀបចំដោយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និង ស្ថានទូតគុយបា ដែលជាមរតកនៃមិត្តភាព និងសាមគ្គីភាពជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនគុយបា និង ប្រជាជនកម្ពុជា ជំនាន់បច្ចុប្បន្ន និងអនាគត។
ពិព័រណ៍រូបថតនេះ គឺជាការរំលឹកដល់មិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ និងជាការបញ្ជាក់ ជាថ្មីអំពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន ប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×