Saturday, April 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់ជាថ្មីអំពីភាពជាដៃគូយ៉ាងរឹងមាំជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុនដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

ទីក្រុងតូក្យូ ប្រទេសជប៉ុន – ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦៖ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានជួបពិភាក្សាការងារ ប្រកបដោយផ្លែផ្កាជាមួយ លោកបណ្ឌិត កូបាយ៉ាស៊ី សូអ៊ីឈី ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងស្វែងយល់ពីកាលានុវត្តភាពនាពេលអនាគត ដើម្បីលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះ លោកបណ្ឌិត កូបាយ៉ាស៊ី ចំពោះការ ធ្វើបទបង្ហាញដ៏ទូលំទូលាយ និងព័ត៌មានអំពីវឌ្ឍនភាព នៃគម្រោងប្រកបដោយសក្តានុពលនានា នៅក្នុងប្រទេស កម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការចូលរួមជាបន្តបន្ទាប់ និងការរួមចំណែកដ៏មាន តម្លៃរបស់វិទ្យាស្ថាន JDI ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសការជំរុញបង្កើតតំបន់សេដ្ឋកិច្ច ពិសេស (SEZs) គំនិតផ្តួចផ្តើមបង្កើតតំបន់ Agro-SEZ នៅខេត្តបាត់ដំបង និងគម្រោងទាក់ទងនឹងថាមពល។ ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដែលបានបង្ហាញដោយ លោកបណ្ឌិត កូបាយ៉ាស៊ី
ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

ភាគីទាំងពីរ បានទទួលស្គាល់តួនាទីដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការសម្រួលដល់ការធ្វើពិពិធកម្មឧស្សាហកម្ម និងការបង្កើតការងារ។ នៅក្នុងបរិបទនេះ ភាគីទាំងពីរ បានពិភាក្សាអំពី សក្តានុពលនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជប៉ុន-កម្ពុជា ដែលត្រូវបានរំពឹងថា នឹងលើកទឹកចិត្តបន្ថែមទៀតដល់ ការវិនិយោគរបស់ជប៉ុន នៅក្នុងវិស័យអាទិភាពនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថាន JDI ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើកកម្ពស់ការវិនិយោគ និងគាំទ្រដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចរយៈពេលវែង របស់ប្រទេសកម្ពុជា។
កិច្ចប្រជុំបានបញ្ចប់ទៅ ដោយភាគីទាំងពីរ បានសម្ដែងទំនុកចិត្តគ្នាក្នុងការពង្រឹងភាពជាដៃគូបន្ថែមទៀត និងសម្រេច បាននូវលទ្ធផលដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសកម្ពុជា និងជប៉ុន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×