ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ក្នុងចំណោមទំនៀមទម្លាប់ជាច្រើន នាឱកាសពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីពូនភ្នំខ្សាច់ ឬវាលុកចេតិយ គឺជាពិធីសាសនា ដែលប្រជាពលរដ្ឋខ្មែរ និយមប្រារព្ធឡើងនៅតាមវត្តអារាម ដើម្បីឧទ្ទិសថ្វាយព្រះសម្មាសម្ពុទ្ធ និងរំលឹកដល់ព្រះចូឡាមណីចេតិយ។ ការធ្វើពិធីពូនភ្នំខ្សាច់នេះ ក៏ជាការឧទ្ទិសកុសល ជូនដល់ឧបការីជន ទាំងឡាយដែលបានលាចាកលោកផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា តាមរយៈប្រពៃណីនេះ ពុទ្ធសាសនិកជឿថា គ្រាប់ខ្សាច់នីមួយៗតំណាងឱ្យការលាងជម្រះបាបកម្ម និងរឿងមិនល្អពីឆ្នាំចាស់ ដើម្បីទទួលយកសេចក្តីជ្រះថ្លា និងសិរីសួស្តីក្នុងឆ្នាំថ្មី។ ទន្ទឹមនឹងនេះ ពិធីនេះបាននាំមកការជួបជុំ និងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការជួយគ្នា រួមកម្លាំង ដឹកជញ្ជូន រៀបចំ និងតុបតែងភ្នំខ្សាច់យ៉ាងប្រណិត។
សូមអរគុណដល់ពុកម៉ែ អ៊ុំពូមីង និងបងប្អូនទាំងអស់ ដែលបានមកចូលរួមទាំងអស់គ្នា ក៏ដូចជាអ្នកដែលបានទៅវត្តអារាម ដើម្បីប្រារព្ធពិធីតាមទំនៀមទម្លាប់រៀងៗខ្លួន។ សូមគោរពជូនពរ សិរិសួស្តីក្នុងឆ្នាំថ្មី សូមធ្វើដំណើរដោយសុខសុវត្ថិភាព ព្រមទាំងជួបជុំក្រុមគ្រួសារ សាច់ញាតិ ដោយក្តីរីករាយ និងកក់ក្តៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






