ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាកយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងថា នៅគ្រប់ទីកន្លែង នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺស្មារតីនៅជាមួយជាតិ ជាមួយកងកម្លាំងប្រដាប់អាវុធ ក៏ដូចជនភៀសសឹកគ្រប់កាលទេសៈ ខណៈពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងទទួលទេវតា គឺជាការចាប់ផ្តើមជាផ្លូវការ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស ២៥៦៩ ឈានចូលគ ស ២៥៧០ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ដែលបានសហការជាមួយ ស.ស.យ.ក. ក្នុងការរៀបចំព្រឹត្កិការណ៍ប្រវត្តិសាស្ត្រនេះឡើង ។
ក្នុងបទសម្ភាសន៍នេះ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងនាមជាប្រជានរាស្ត្រ បានក្រាបថ្វាយបង្គំ ថ្វាយព្រះពរ ដល់ព្រះមហាក្សត្រ និងព្រះព្រះមហាក្សត្រី មានព្រះរាជសុខភាពរឹងមាំ បរិបូណ៍ ព្រះជន្មាយុយឺយូរ ជាងរយវស្សា និងបន្តជាម្លប់នៃប្រជារាស្ត្រខ្មែរគ្រប់រូប ។
ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា ៖”គ្រប់ទីកន្លែង នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺស្មារតីនៅជាមួយជាតិ ជាមួយកងកម្លាំងប្រដាប់អាវុធ ក៏ដូចជនភៀសសឹកគ្រប់កាលទេសៈ ហើយពេលនេះ យើងបានបើកជាផ្លូវការតាមរយៈពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងទទួលទេវតានេះ អាចនិយាយបានថា ជាការចាប់ផ្តើមជាផ្លូវការ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត តែទោះជាយ៉ាងណាក្តី ស្មារតីរបស់យើងមិនភ្លេច ទៅដល់បងៗវីរកងកម្លាំងប្រដាប់អាវុធ ទាំងកងយោធពលខេមរភូមិន្ទ កងនគរបាល កងរាជអាវុធហត្ថ ហើយក្នុងនោះផងដែរ ទៅដល់ក្រុមគ្រួសារពួកគាត់ ដូចគ្នាដែរគឺទៅដល់ជនភៀសសឹក ដែលកំពុងតែពេលនេះនៅជំរុំនៅឡើយ” ។
ក្រៅពីសូមជូនពរ ដល់បងប្អូនទាំងអស់គ្នា ទាំងបងៗកងកម្លាំង និងជនភៀសសឹក ទទួលបានសិរីសួស្តី នៅក្នុងឱកាសចូលឆ្នាំថ្មីហើយនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឱ្យពលរដ្ឋទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាលថា ការខិតខំប្រឹងប្រែងមិនបង្អន់ទេ គឺគ្រប់ពេលវេលាសម្តេចមហាបវរធិបតី បានប្រឹងប្រែងដោះស្រាយបញ្ហា ដើម្បីឱ្យការវិលត្រឡប់ទៅប្រសើរឡើង នូវជីវភាពប្រចាំថ្ងៃ និងការរស់នៅរបស់ប្រជាជនទូទាំងប្រទេស ក្នុងនោះក៏មានកងកម្លាំង និងជនភៀសសឹកផងដែរ ។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ ដែលឈានចូលមកដល់នាឱកាសនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសានេះ ដោយមានការរៀបចំកម្មវិធីបង្ហាញទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹងចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី





