Tuesday, April 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋភៀសសឹកជាង ៣០០០គ្រួសារ មកពីស្រុកថ្មពួក និងស្រុកអូរជ្រៅ បានចូលមកតាំងទីលំនៅស្ទើរតែ ១០០% ហើយ នៅក្នុងតំបន់ជម្រកបណ្តោះអាសន្នថ្មី

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម នៅថ្ងៃទី១៤ខែមេសានេះ​បានថ្លែងថា មកទល់ពេលនេះ បងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ៣០០០គ្រួសារ មកពីស្រុកថ្មពួក និងស្រុកអូរជ្រៅ បានចូលមកតាំងទីលំនៅស្ទើរតែ ១០០% ហើយ នៅក្នុងតំបន់ជម្រកបណ្តោះអាសន្នថ្មីក្នុងឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ។

ទោះបីជាអាជ្ញាធរកំពុងបន្តដោះស្រាយបញ្ហាប្រឈមសេសសល់មួយចំនួនក្តី ប្រជាពលរដ្ឋភាគច្រើនបានបង្ហាញចំណាប់អារម្មណ៍ថា ជម្រកបណ្តោះអាសន្នថ្មីនេះមានលក្ខណៈប្រសើរជាងការបោះជំរំនៅតាមទីវត្តអារាម ដោយសារមានផ្ទះស្នាក់នៅសមរម្យដាច់ដោយឡែកពីគ្នា មានបន្ទប់ទឹកអនាម័យគ្រប់គ្រាន់ និងមានការរៀបចំគិតគូរដល់ការស់នៅក្នុងរដូវវស្សា ដែលនឹងចូលមកដល់ឆាប់ៗនេះ។

ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងបន្តទៀតថា ជាការសង្កេត មានបងប្អូនមួយចំនួនក៏បានចាប់ផ្តើមបង្កើតមុខរបរថ្មីៗបណ្តើរៗរួចទៅហើយ ហើយនាពេលខាងមុខនេះ ក្រសួងកសិកម្មក៏នឹងជំរុញសកម្មភាពកសិកម្មទាំងលក្ខណៈគ្រួសារនិងសហគមន៍ ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូល ព្រមទាំងអាចគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ល្ងាចនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ជូនបងប្អូនដែលកំពុងស្នាក់នៅទីនោះ ដោយមានការទទួលទាននំបញ្ចុកនិងកម្មវិធីសិល្បៈកម្សាន្តផ្សេងៗ។ កាន់តែពិសេស ឯកឧត្តម ឌិត ទីណា ក៏បានណែនាំឱ្យក្រុមការងារបន្ថែមគោដុតនដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×