Tuesday, April 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ឡើងវិញនូវការតវ៉ាយ៉ាងមុតមាំ ចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ក្រសួង សូមសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់អាជ្ញាធរថៃ និងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងការដំឡើងរូបសំណាកជាបន្តបន្ទាប់ ដែលបង្កើតជាស្ថានភាពជាក់ស្តែងលើដី (faits accomplis) និងជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនេះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាផងដែរ។

សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ដែលគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមបានកំណត់ផែនទីព្រំដែន ដោយយោងតាមឯកសារទាំងអស់ពាក់ព័ន្ធនឹងការអនុវត្តសន្ធិសញ្ញា ឆ្នាំ១៩០៧ អនុស្សរណៈយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។

ក្រសួង សូមអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ព្រមទាំងដកចេញទាំងស្រុងនូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ ហើយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ហើយអំពាវនាវឱ្យប្រទេសថៃអនុវត្តតួនាទីប្រកបដោយទំនួលខុសត្រូវ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយន្តការទ្វេភាគី កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំដែនរួម (JBC) ផងដែរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យប្រទេសថៃ ចាត់វិធានការកែតម្រូវជាបន្ទាន់ក្នុងគោលបំណងរក្សាសន្តិភាព ការគោរពច្បាប់ និងការការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×