Saturday, April 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីការងារសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច និងវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការការពារបូរណភាពទឹកដី

ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីការងារសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច និងវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការការពារបូរណភាពទឹកដី៖

ទី១៖ កំណាត់ទី២ នៃព្រែកជីកហ្វូណនតេជោត្រូវបានបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការបើកសម្ពោធការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោកំណាត់ទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ នេះសបញ្ជាក់ថា ដំណើរការព្រែកជីកដ៏ធំមួយនេះបានប្រព្រឹត្តទៅតាមការគ្រោងទុក ដើម្បីបុព្វហេតុពង្រឹងឯករាជភាពផ្នែកដឹកជញ្ជូន ក៏ដូចជាផលប្រយោជន៍ដ៏ធំធេងសម្រាប់សេដ្ឋកិច្ឋកម្ពុជា និងផលប្រយោជន៍ជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋ។

ទី២៖ វិធានការអន្តរាគមន៍ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋក្នុងពេលប្រេងឥន្ធនៈឡើងថ្លៃ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យដឹងថា រាជរដ្ឋាភិបាលបាត់ចំណូលប្រមាណជា ៥០លានដុល្លារក្នុងមួយខែដោយសារការបញ្ចុះពន្ធ និងអាករផ្សេងៗលើប្រេងឥន្ធនៈ ខណៈដែលអគ្គិសនីកម្ពុជា (EDC) បានចេញជំនួសប្រជាពលរដ្ឋប្រមាណជា ៣៥លានដុល្លាររួចហើយ ដើម្បីទប់កុំឱ្យតម្លៃអគ្គិសនីឡើងថ្លៃ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បើទោះបីជារដ្ឋបាត់ចំណូលច្រើនបែបនេះក៏ដោយ ក៏រាជរដ្ឋាភិបាលសុខចិត្តធ្វើ និងបន្តចាត់វិធានការអន្តរាគមន៍បន្ថែមបើចាំបាច់ដើម្បីជួយសម្រួលបន្ទុកប្រជាពលរដ្ឋ។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែស្ថិតនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសពេលជួបការលំបាក រាជរដ្ឋាភិបាលតែងតែចាំជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលនេះគឺជាចក្ខុវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល។

ទី៣៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជំទាស់ជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់ នៅក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃក្នុងខេត្តបាត់ដំបង និងឧត្តរមានជ័យ តាំងពីខែធ្នូ ឆ្នាំ២០២៥ ដែលមានដូចតទៅ៖

-ការលើកដងទង់ជាតិថៃនៅលើខ្នងទំនប់ខាងកើតនៃអូរទីពីរ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦

-ការសាងសង់របងព្រំដែនជាឯកតោភាគីនៅក្នុងតំបន់ចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៤ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ និង

-ការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាផាស ស៊ុនឆៃឌី (Prapas Sornchaidee) មេបញ្ជាការកងទ័ពអាកាសថៃ (Thailand’s Air Chief Marshal) ដោយនាំក្រុមអ្នកសារព័ត៌មានថៃ និងបរទេសទៅកាន់សណ្ឋាគារ Royal Hill Hotel និងសណ្ឋាគារ Royal O Smach Hotel and Resort ក្នុងសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ។

សកម្មភាពទាំងនេះ បង្ហាញពីការប្រើសិទ្ធិអំណាចរដ្ឋបាលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសថៃ ក៏ដូចជារំលោភលើចំណុចទី១ ស្តីពីវិធានការកាត់បន្ថយភាពតានតឹង នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការសាងសង់របងព្រំដែនដោយឯកតោភាគីនេះ កាន់តែផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបានប៉ះពាល់ដល់ការដាំបង្គោលព្រំដែនបណ្តោះអាសន្ន ដែលបានធ្វើដោយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា ក៏បដិសេធការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់ការទប់ស្កាត់ឧក្រិដ្ឋកម្មជាលេស សម្រាប់ការឈ្លានពានទឹកដីផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ និងមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយដែលអះអាងជាឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាពដែលបានរៀបរាប់ខាងលើមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហរបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងទៅនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ដែលផ្ទុយទៅនឹងការអនុវត្តប្រកបដោយភាពស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ និងពាក់ព័ន្ធនានា ហើយត្រូវជៀសវាង ធ្វើសកម្មភាពឯកតោភាគីស្រដៀងនេះទៀត។ ទាំងនេះជាភាពចាំបាច់ដើម្បីកាត់បន្ថយភាពតានតឹង ពង្រឹង ជំនឿជាក់ និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តមុតមាំរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់កម្ពុជា តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយកម្ពុជានៅតែបន្តរក្សាជំហរជាគោលការណ៍ដដែលថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ក៏បានបញ្ជាក់ច្បាស់ៗនៅថ្ងៃនេះថា ការដោះស្រាយបញ្ហាព្រំដែនតាមយន្តការការទូតដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី ពោលគឺគណៈកម្មការ JBC និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ គឺជាជម្រើសល្អបំផុត និងនៅតែជាជំហរដាច់ខាត និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលដើម្បីបញ្ចៀសសង្គ្រាម ការបង្ហូរឈាម និងសោកនាដកម្មចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×