នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុន CCCC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ទាំងក្នុងប្រទេសកម្ពុជា និងលើសកលលោក។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ដែលធ្វើឱ្យគម្រោងនានារបស់ក្រុមហ៊ុននៅកម្ពុជាសម្រេចបានជោគជ័យ។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តអនុវត្តគម្រោងនានានៅកម្ពុជាឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក ដោយធានាបាននូវគុណភាព ជាមួយនឹងការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។ លើសពីនេះ លោកក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីបំណងស្វែងរកឱកាសវិនិយោគលើវិស័យថ្មីៗមួយចំនួនបន្ថែមទៀត រួមមាន៖ ថាមពលស្អាត, ការគ្រប់គ្រង និងកែច្នៃសំណល់ជាថាមពលអគ្គិសនី, ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត, ការកសាងប្រព័ន្ធអេកូស៊ីឌីជីថល (Digital Ecosystem) ជាដេីម។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងការស្វាគមន៍ចំពោះលោកប្រធានក្រុមហ៊ុន និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជា «ឆ្អឹងខ្នង» នៃកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពខ្ពស់ និងបានដាក់ចេញនូវ គោលនយោបាយអាទិភាពជាច្រើនដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកនូវកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគថ្មីៗលើវិស័យនានានៅកម្ពុជា។
មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់អនុវត្តគម្រោងដែលកំពុងមានឱ្យសម្រេចបានតាមផែនការគ្រោងទុក ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី









