ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងទូលថ្វាយ-ជម្រាបជូន សម្តេច ព្រះញាតិវង្សានុវង្ស បងប្អូនជនរួមជាតិទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបថា តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ ជាទីបំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថាបច្ចុប្បន្ន នេះ ទូលព្រះបង្គំជាខ្ញុំ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer) ។ តាមវេជ្ជបញ្ជ របស់ក្រុមគ្រូពេទ្យ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតគង់ប្រថាប់បន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេសនៅពេលនេះបានទេ ។ ក្រុមគ្រូពេទ្យតម្រូវឱ្យ ទូលព្រះបង្គំ ខ្ញុំ ព្រះករុណាខ្ញុំ ចូលគង់ប្រថាប់ក្នុងមន្ទីរពេទ្យដើម្បីព្យាបាលតាមវេជ្ជបញ្ហា នឹងថែរក្សាព្រះរាជសុខភាព មួយរយៈពេល ពីមួយខែ ទៅពីរខែបន្តទៀត ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០នេះ ទូលព្រះ បង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត សូមផ្ញើសេចក្ដីនឹករលឹកជាពន់ពេក និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ថ្វាយសម្តេច ព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថ្វាយ និងជូន សម្ដេច ព្រះញាតិវង្សានុវង្ស និងជូនបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបនូវសេចក្តីសុខ សេចក្ដីចម្រើន និងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី



