ភ្នំពេញ៖ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ម៉ប់ សារិន បានអំពាវនាវឲ្យរួមគ្នា ដើម្បីសន្សំសំចៃការចំណាយផ្សេងៗ ខណៈតម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំង ដោយសារ សង្គ្រាម អ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ក្នុងប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់ដូចគ្នាផងដែរ។
ការអំពាវនាវបែបនេះរបស់ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ មេសា ២០២៦នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ខណៈ ឯកឧត្ដម និង ឯកឧត្ដមហួត ហៃ អភិបាលរងតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្ដមម៉ប់ សារិន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់សន្សំសំចៃពីការចំណាយផ្សេងៗដោយសារតែស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួលពិសេស គឺតម្លៃប្រេងបានកើនឡើងយ៉ាងគំហុកមិនថានៅក្នុងព្រះរាជាណាចក្រកម្ពុជានិងបណ្ដាលប្រទេសផ្សេងៗ នៅលើពិភពលោក ដែលផ្តើមឡើងពីផលប៉ះពាល់នៃសង្គ្រាមអ៊ីស្រាអែល អាមេរិក និងអ៊ីរ៉ង់។
ក្នុងឱកាសនោះដែរ ឯកឧត្ដមម៉ប់ សារិន ក៏ដូចជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបាន រក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ជាមួយនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក៏អនុវត្តបានយ៉ាងល្អប្រសើរផងដែរ។។
ឯកឧត្ដម ម៉ប់ សារិន និងសមាជិកក្រុមប្រឹក្សា បានលើកឡើងទៀតថា៖ បើទោះបីប្រេងឥន្ធនៈមានការកើនឡើងតម្លៃយ៉ាងគំហុកយ៉ាងណាក្តី ប៉ុន្តែសម្រាប់រដ្ឋបាលរាជធានីភ្នំពេញនៅតែ ប្រើប្រាស់រថយន្តក្រុងប្រមាណ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដដែល។
នេះបានបង្ហាញឲ្យឃើញពីការគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីក៏បានលើកឡើងពីផលប៉ះពាល់ដែលបណ្ដាលមកពីការឡើងថ្លៃប្រេងឥន្ធនៈ និងបានលើកឡើងពីការគិតគូរបស់រាជរដ្ឋាភិបាល ជុំវិញតម្លៃប្រេងឡើងថ្លៃនេះផងដែរដោយរាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការទប់ស្កាត់កុំឱ្យតម្លៃប្រេងឡើងថ្លៃស្រេចតែចិត្ត។ ជាមួយគ្នានោះដែរ ឯកឧត្ដមហួត ហៃក៏បានអំពាវនាវឲ្យរួមគ្នាសន្សំសំចៃ ក្នុងការចំណាយផ្សេងៗផងដែរ។
ជុំវិញពិធីបុណ្យចូលឆ្នាំថ្មីនេះ ឯកឧត្ដម ហួត ហៃក៏បានបញ្ជាក់ផងដែរថា សម្រាប់បុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយនឹងសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រារព្វព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏ធំមួយ មាន៦ទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ដោយក្រៅ ពិធីសប្បាយៗតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង ក៏មានការដង្ហែរពុទ្ធដិមាករពីវត្តឧណ្ណាលោមមកកាន់វត្តភ្នំ ដែលពិធីនេះធ្វើឡើងធំជាងបណ្ដាលឆ្នាំកន្លងទៅ ដោយក្បួនដង្ហែរនេះមានរហូតទៅដល់២០ផែន។
បន្ថែមពីលើនេះឯកឧត្ដមហួត ហៃ ក៏បានថ្លែងនូវការអរគុណចំពោះក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានកោតសរសើរដល់ ការងាររបស់រដ្ឋបាលរាជធានីកន្លងមក។ ឯកឧត្ដមបន្តទៀតថា ការកោតសរសើររបស់ក្រុមប្រសាលរាជធានីភ្នំពេញ គឺជាការផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់រដ្ឋបាលរាជធានភ្នំពេញ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែល្អថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី









