ភ្នំពេញ ៖ ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាមានឆន្ទៈយ៉ាងមោះមុតក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយគោរពកិច្ចព្រមព្រៀងយ៉ាងស្មោះត្រង់ និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុត។ នេះជាប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ ក៏ដូចជាកិច្ចការដែលរាជរដ្ឋាភិបាលបានធ្វើ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖
ទី១. ស្តីពីដំណើរបំពេញទស្សនកិច្ចការងាររបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅប្រទេសបារាំង៖ សម្តេចនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅឯវិមានប្រធានាធិបតី អេលីហ៊្សេ ក្នុងរដ្ឋធានីប៉ារីស។ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី (កម្ពុជា-បារាំង) ដែលកំពុងរីកចម្រើនក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការពហុភាគីរួមទាំងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំងការវិវត្តនៅក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ បានបញ្ចប់ទស្សនកិច្ចនិងកំពុងធ្វើដំណើរវិលត្រឡប់មករាជធានីភ្នំពេញវិញហើយនៅថ្ងៃនេះ។
ទី២. ក្រោយពីគណៈកម្មការ JBC ភាគីកម្ពុជាបានដាក់សំណើរសាជាថ្មីទៅភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់នៃគណៈកម្មការ JBC រវាងភាគីទាំងពីរ និងជំរុញឱ្យបន្តអនុវត្តការងារនៅលើដីជាក់ស្តែងដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនជនរួមជាតិជ្រាបអំពីខ្លឹមសារនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលចែងថា៖ ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីគ្រាប់មីនផងដែរ។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុត ចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។ ដោយសារចំណុចនេះមានសារសំខាន់សម្រាប់ភាគីពាក់ព័ន្ធ ដូច្នេះ ខ្ញុំសូមបកប្រែជាភាសាអង់គ្លេសដូចតទៅនេះ៖
The point 3 of Join Statement of December 27, 2025 stated that Both sides agree that all arrangements under this Joint Statement are without prejudice to the border demarcation and international boundary between the two countries. Both sides agree to refer to the Joint Boundary Commission to resume, at the earliest, the survey and demarcation works, in accordance with existing agreements between the two countries to achieve lasting peace along the border. Both sides agree to utilize Joint Boundary Commission’s existing mechanisms to ensure safety and security of the joint survey team on the ground, including its safety from landmines. Both sides agree that the Joint Boundary Commission will accord the first and foremost priority for the immediate survey and demarcation works in the affected border areas where the civilians resided. Thank you!
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា គឺក្នុងស្មារតីគោរពសេចក្តីប្រកាសរួមដែលបានឯកភាពគ្នា និងចង់បានសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននេះហើយ ទើបបានជាភាគីកម្ពុជាបានដាក់សំណើរជាបន្តបន្ទាប់ទៅភាគីថៃ ដើម្បីអនុវត្តការវាស់វែង កំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់រហ័ស ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាមានឆន្ទៈយ៉ាងមោះមុតក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយគោរពកិច្ចព្រមព្រៀងយ៉ាងស្មោះត្រង់ និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុត។
រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសេនាធិការរបស់រាជរដ្ឋាភិបាលទាំងអស់ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មនិងឥតឈប់ឈរ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជា ឯកសារ កិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅ។
សូមបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


