ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី បានអបអរសាទរ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» ការរៀបចំទិវាជាតិ នេះ ក្នុងគោលបំណងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើសនិងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។ សូមបងប្អូនអ្នកផលិតទាំងអស់ បន្តវិនិយោគលើការច្នៃប្រឌិត ការកែលម្អគុណភាព និងការបង្កើតផលិតផលថ្មីៗ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស ការបន្តគាំទ្រគោលនយោបាយនិងអន្តរាគមន៍នានា សំដៅពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគទុន។ ជាពិសេស សូមជូនសារដល់យុវជនខ្មែរទាំងអស់ ត្រូវធ្វើខ្លួនឱ្យក្លាយជាអ្នកច្នៃប្រឌិតថ្មី អ្នកបង្កើតថ្មី និងជាអ្នកដឹកនាំសេដ្ឋកិច្ចសម័យទំនើប។ សូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរ ឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនកាន់តែមានគុណភាព សោភណភាព តម្លៃសមស្រប សម្បូរបែប កាន់តែមានទំនុកចិត្ត ពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







