ចៅក្រមស៊េីបសួរសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ថាត តេងណេង និងឈ្មោះ ហ៊ួន ង៉ែត ដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ ពីបទ ធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ; បទល្មេីស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទល្មេីស ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ។
ក្រៅពីឃុំខ្លួនជនល្មេីស ២នាក់នេះ នៅមានជនសង្ស័យប្រមាណជាង ១០នាក់ទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួនពាក់ព័ន្ធបទល្មេីសខាងលេីនេះដែរ ។
សូមរំលឹកថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វេីការសហការជាមួយកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ឃាត់ខ្លួនបក្ខពួកមុខសញ្ញា(អ្នកទទួលផលចោរកម្ម)ទិញរថយន្ដដែលចោរបានលួចយកមកពីខេត្ដព្រៃវែង រថយន្ដ ម៉ាក Hyundai ទម្ងន់ ២,៥តោន ដែលទទួលទិញពីជនល្មើស ក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត២៣០០ដុល្លាររថយន្ដគ្មានឯកសារច្បាប់ដេីម នៅចំណុចភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ កាលពីថៃ្ងទី៤ ខែមេសា ឆ្នាំ២០២៦ ។
ក្នុងប្រតិបត្ដិការកំលាំងសមត្ថកិច្ចធ្វេីការឃាត់មុខសញ្ញាទទួលទិញផលចោរកម្ម(យោងតាមការចង្អុលបង្ហាញពីមុខសញ្ញាដែលសមត្ថកិច្ចដឹកមកជាមួយ) ដែលមានឈ្មោះ កែវ ដារ៉ូ ភេទប្រុស មុខរបរ ទិញលក់រថយន្ដដោះបំបែកគ្រឿងលក់(កាប់សាច់) ប៉ុន្ដែប្រតិបត្ដិការខាងលេីត្រូវប្រជាពលរដ្ឋចំរុះរួមជាមួយអ្នកធ្វេីដំណេីរបានមកឈរមេីលផ្អេីលឈួរឆរនិងបានធ្វេីសកម្មភាពឡោមព័ទ្ធរារាំងសមត្ថកិច្ច គោលបំណងរំដោះជនសង្ស័យមុខសញ្ញាចោរកម្ម មិនអោយសមត្ថកិច្ចអនុវត្ដ។
ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការឃាត់មុខសញ្ញាបានចំនួន ៣នាក់
១-ឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទិញលក់រថយន្ដ អ្នកទទួលផលចោរកម្ម
២-ឈ្មោះ ថាត តេងណេង ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករារាំង
៣-ឈ្មោះ ហួន ង៉ែត ភេទប្រុស អាយុ ៥៦ឆ្នាំ អ្នករារាំង
ករណីខាងលេីសមត្ថកិច្ចបានបំបែកហ្វូងមនុស្សដែលបានមកឡោមព័ទ្ធក្នុងគោលបំណងដេីម្បីការពាររារាំងសមត្ថកិច្ចមិនអោយអនុវត្ដនីតិវិធីនៃការឃាត់ខ្លួនមុខសញ្ញាទទួលផលចោរកម្មទិញរថយន្ដពីចោរ និងបក្ខពួក។
បច្ចុប្បន្នមុខសញ្ញាទាំង៣នាក់ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ដេីម្បីចំណាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី






