សាធារណរដ្ឋបារាំង ៖ រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារនៅវិមានអេលីហ៊្សេ។
បើតាមការព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃនេះ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស ៖
«សូមអរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស ។
រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ។
តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) យើងក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះ ខ្ញុំនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា ។ នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង ។»រក្សាសិទ្ធដោយ៖សុទ្ធលី






