រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាពតាមរយៈមាគ៌ាព្រះពុទ្ធសាសនា» និងមានការចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ, ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា ឯកឧត្តម លោកជំទាវ តំណាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការនិងសាសនា និងសិស្សានុសិស្សជាច្រើនរូប។
បន្ទាប់ពីស្តាប់ការអានព្រះរាជសារថ្វាយព្រះពរ និងព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចមក សូមថ្លែងអំណរព្រះគុណ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងសូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រសួងធម្មការនិងសាសនាដែលបានសហការចាត់ចែងរៀបចំ ទិវាព្រះពុទ្ធសាសនាអន្តរជាតិនេះឡើង ក្នុងគោលបំណងរំលេចឱ្យឃើញអំពីតួនាទីព្រះពុទ្ធសាសនា ដើម្បីចូលរួមចំណែកកសាងពិភពលោកមួយប្រកបដោយសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រទេសទាំងក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គមវប្បធម៌ និងសាសនា។ ការប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនានាឆ្នាំនេះ គឺជាកាលានុវត្តភាពមួយ បង្កើនការយល់ដឹងពីគុណតម្លៃស្នូល និងគោលការណ៍របស់ព្រះពុទ្ធសាសនាក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គម មិត្តភាព ភាតរភាព និងសាមគ្គីភាព ដើម្បីជំរុញឱ្យមាននូវសុខសន្តិភាពជានិរន្តរ៍សម្រាប់សង្គម និងពិភពលោក។
ប្រធានបទនេះ គឺសមស្របទៅនឹងបរិបទ នៃពិភពលោក បច្ចុប្បន្នដែលកំពុងប្រឈមនឹងវិបត្តិជាច្រើន ដូចជា ជម្លោះប្រដាប់អាវុធ សង្រ្គាមសេដ្ឋកិច្ច ការបម្រែបម្រួលអាកាសធាតុ ការឡើងកំដៅនៃភូមិសាស្ត្រនយោបាយ ភាពផុយស្រួយនៃជម្លោះសាសនា ការបំពុលបរិស្ថាន ជំងឺឆ្លង និងគម្លាតសង្គម ធ្វើឱ្យមនុស្សរស់នៅមិនមានភាពចុះសម្រុង និងមិនយោគយល់គ្នា ព្រមទាំងបង្កភាពរាំងស្ទះដល់ការរីកចម្រើនរបស់សង្គម និងក្តីប្រាថ្នារួមរបស់មនុស្សជាតិ។ បច្ចុប្បន្ន វិបត្តិទាំងអស់នេះបានក្លាយជាបញ្ហារួមនៅក្នុងសង្គមដែលធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងវិស័យសាសនាទៀតផង។ ព្រះពុទ្ធសាសនា គឺជាមាគ៌ាមួយដ៏សំខាន់ក្នុងការបង្កើតនូវសាមគ្គីភាព ភាតរភាព និងរក្សាសន្តិភាព តាមរយៈការផ្តល់ឱវាទដោយផ្អែកលើព្រហ្មវិហារធម៌ សង្គហធម៌ និងមាគ៌ាកណ្តាល ដែលអាចជួយឱ្យបុគ្គល គ្រួសារ សង្គម និងពិភពលោក ប្រកាន់យកនូវវប្បធម៌អហិង្សា ការគោរពអធ្យាស្រ័យយោគយល់គ្នាខ្ពស់ ការប្រកាន់យកនូវសីលធម៌រស់នៅល្អ សុខដុមរមនា ដែលជាឧបករណ៍ចាំបាច់សម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ដើម្បីឱ្យការប្រារព្ធពិធីអបអរសាទរ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាពតាយរយៈមាគ៌ាព្រះពុទ្ធសាសនា» ឈានឆ្ពោះទៅរកការអនុវត្តសកម្មភាពជាក់ស្តែង ដើម្បីសម្រេចឱ្យបាននៅលទ្ធផលតាមការរំពឹងទុកនោះ សូមចូលរួមជាទស្សនទានមួយចំនួនដូចខាងក្រោម៖
- សូមឱ្យពុទ្ធបរិស័ទចូលរួមបំផុសប្រធានបទនាថ្ងៃនេះ ឱ្យបានទូលំទូលាយ ហើយប្រែក្លាយប្រធានបទនេះ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាឱ្យបាននូវសុខដុមរមនានៅក្នុងសង្គម និងសន្តិភាពជានិរន្តរ៍សម្រាប់មនុស្សជាតិនៅទូទាំងពិភពលោក។
- សូមចូលរួមអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនរុងរឿង លើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមតាមរយៈការអប់រំលើកកម្ពស់សីលធម៌សង្គម និងសុខភាពផ្លូវចិត្តរបស់ប្រជាជន ដែលបច្ចុប្បន្ននេះ កត្តាទាំងពីរនេះ គឺចាំបាច់និងបន្ទាន់ជាងពេលណាៗទាំងអស់។
- ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូច្នេះសូមឱ្យពុទ្ធសាសនិកជនគ្រប់រូប សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ គោរពប្រតិបត្តិឱ្យត្រឹមត្រូវ បញ្ជៀសឱ្យបានជាដាច់ខាតនូវការយកសាសនាធ្វើជាឧបករណ៍ ដើម្បីរកអត្ថប្រយោជន៍ផ្សេងៗ។
- ទោះបីជាគោរពជឿជាក់លើនិកាយសាសនាអ្វីក៏ដោយ ភាពផ្សេងគ្នានៃជំនឿនិងសាសនា មិនមែនជារនាំងខាន់ចែកមិត្តភាព និងភាតរភាពរវាងគ្នានិងគ្នានោះទេ ដូច្នេះត្រូវបន្តរក្សាសាមគ្គីភាពគ្នាជាធ្លុងមួយ ធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចឱ្យបាននូវឧត្តមប្រយោជន៍ ពោលគឺសន្តិភាពជូនជាតិមាតុភូមិ តាមរយៈការប្រតិបត្តិតាមទ្រឹស្តីដ៏ល្អឯករបស់សាសនានីមួយៗ។ សូមជម្រាបថា ការប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា នេះឡើង ក៏ជាការរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដែលទ្រង់បាននិងកំពុងបំពេញចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធសាសនា ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ព្រមទាំងទ្រង់បានរួមចំណែកក្នុងការលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធ បច្ចេកទេស ទេពកោសល្យ វប្បធម៌ ចរិយាធម៌ ព្រះពុទ្ធសាសនា ក៏ដូចជាការក្រើនរំលឹកបំផុសស្មារតី និងមនសិការដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវសាសនិក ដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចថែរក្សាការពារ ទ្រទ្រង់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ឱ្យបានគង់វង្ស និងរួមចំណែកដល់ការអភិវឌ្ឍជាតិទាំងមូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី























