Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចកាមគុណធ្វើបាបមនុស្សលោកខ្លាំងណាស់ បើហារស្ដីឡើងព្រមលែងលះគ្នាទៅហើយ ដោះលែងគ្នាទៅ កុំទុកនៅវិបាកកម្មមរណៈបែបនេះ ផ្ដើមពីភ្លើងប្រច័ណ្ឌ អតីតបុរសជាប្ដី បាញ់សម្លាប់ប្រពន្ធទើបតែលះលែងគ្នាថ្មីៗ រួចហើយបាញ់ខ្លួនឯង ! 

ស្នូរកាំភ្លើងបានផ្ទុះឡើងផ្ទួនៗគ្នា ចំនួន ៥គ្រាប់ ឮទ្រហឹង ផ្អើលអស់អាជីវករផ្សារស្គន់ថ្មីនៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាមួយនឹងអារម្មណ៍មិនសុខស្រួលស្ទើរតែគ្រប់ៗគ្នា ប៉ុន្តែទោះយ៉ាងណា ពួកគេ ( អាជីវករ ) នៅតែស្ទុះទៅពិនិត្យមើលហេតុការណ៍នោះ ដើម្បីឲ្យដឹងច្បាស់ ទៅដល់កន្លែងកើតហេតុ ឃើញមនុស្សពីរនាក់ប្រុសស្រីវ័យកណ្ដាល បានដួលស្លាប់ក្នុងថ្លុកឈាម ដែលរូបភាពបែបនេះ ជះចេញជាការគំរាមដល់មនុស្សម្នាក់ៗឲ្យភ័យតក់ស្លុតផងដែរ, បន្តិចមក ទើបគេដឹងថាជនរងគ្រោះ ទាំងប្រុស ទាំងស្រីនេះ ជាអតីតប្ដីប្រពន្ធនឹងគ្នាសោះ ហើយថា វាផ្ដើមចេញពីភ្លើងប្រច័ណ្ឌ។

បើមាត់ហាឡើងថា លះលែងគ្នាជាប្ដីប្រពន្ធទៅហើយ គួរតែគោរពសន្យា ដើម្បីកាត់បន្ថយបាននូវអំពើហិង្សាដ៏គ្រោះថ្នាក់ តែនេះខាងប្រុសមិនព្រមដោះលែងសុខ លួចលាក់កាំភ្លើងខ្លីពីណាមិនដឹង មកបាញ់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ក្លាយជាឈាមក្រហមខ្មៅក្រាលគ្របលើធរណី ធ្វើឱ្យមនុស្សម្នាមូលមីរទៅចោមរោមមើល ជាមួយនឹងក្ដីរន្ធត់តក់ស្លុតពន់ពេក  ហើយមានតែសាច់ញាតិទេដែលដឹងថាខុសត្រូវយ៉ាងណា ? ដូចពាក្យថា ពេលនៅស្រឡាញ់ គ្រប់យ៉ាងសុទ្ធតែល្អឥតខ្ចោះ ពេលអស់ស្រឡាញ់ គ្រប់យ៉ាងសុទ្ធតែអាក្រក់ទាំងអស់ នេះជាទិដ្ឋិរបស់អ្នកគ្មានសីល ឬអ្នកលោភកាមកិលេស ។

ហេតុការណ៍ឧក្រិដ្ឋ ហើយនាំយកខ្លួនទៅជាសពយ៉ាងអសោចិ៍អាស្រូវកេរ្ដិ៍ឈ្មោះនេះ កើតឡើងនៅផ្សារស្គន់ថ្មី ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

បើតាមការស៊ើបសួរជំហានដំបូងពីអ្នកក្បែរខាង និងអ្នកក្នុងផ្សារស្គន់ បានឱ្យដឹងថា បុរសជាខ្មាន់កាំភ្លើង និងស្ដ្រីរងគ្រោះជាអតីតប្ដីប្រពន្ធនឹងគ្នា ដែលទើបលែងលះគ្នានាពេលថ្មីៗនេះ ព្រោះពួកគេរស់មិនចុះសម្រុងនឹងគ្នា, ហើយមូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង គេថា ផ្ដើមចេញពីភ្លើងប្រចណ្ឌ ព្រោះជនដៃដល់សង្កេតឃើញស្ត្រីរងគ្រោះមានភាពជិតស្និទ្ធជាមួយបុរសម្នាក់ទៀត ក៏ឈានដល់ហិង្សាមរណៈ។

បញ្ចកាមគុណក្នុងលោកនេះ មានឥទ្ធិពលខ្លាំងក្លា ពិបាកគ្រប់គ្រងណាស់ ពេលខ្លះក៏សមស្របនឹងគ្នាដូច្នោះទៅ ពេលខ្លះក៏ប្រទាំងប្រទើសនឹងគ្នា ខ្វែងគំនិតគ្នាដូច្នោះទៅ ហើយឈានទៅដល់ការផ្ដាច់ផ្ដិល់ជីវិតគ្នាដើម្បីជាការសងសឹកទៅវិញ, ទោះជាយ៉ាងណា មានតែសីលនោះទេដែលអាចជួយបាន គឺចិត្តបុណ្យមេត្តាករុណា របស់ណាមិនមែនជារបស់យើង ដោះលែងទៅ ទម្លាក់ចោលខ្លះទៅ បើនៅតែព្យាយាមឱបក្រសោបជាប់ខ្លួន វានាំតែធ្ងន់ទៅធ្ងន់ទៅ ហើយនាំគ្រោះថ្នាក់ជាមិនខាន, ដូចករណីខាងលើនេះជាដើម។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌុច សុជាតិ ភេទប្រុស អាយុ៤៩ឆ្នាំ ជាបុរសពោះម៉ាយ មានមុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានយកអាវុធខ្លីម៉ាក PATA. បាញ់ទៅលើអតីតប្រពន្ធ ឈ្មោះ ណាំ សារីម ៤២ឆ្នាំ  រស់នៅភូមិ-ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម  ដែលកំពុងលក់ដូរក្នុងផ្សារស្គន់ និងបាញ់សម្លាប់ខ្លួនឯង សរុបចំនួន ០៥គ្រាប់ ។

អធិការនគរបាលស្រុកជើងព្រៃ បានឱ្យដឹងថា ស្ត្រីរងគ្រោះជាមេម៉ាយកូន១ ហើយបុរសនេះបានមកចូលស្ដីដណ្ដឹងតាមប្រពៃណី ប៉ុន្តែការមិនទាន់បាន១ឆ្នាំនៅឡើយទេ បើគិតរហូតមកដល់ពេលកើតហេតុ។ នៅក្នុងហេតុការណ៍អំពើបាញ់ប្រហារនេះ ដំបូងគេបានឃើញបុរសអតីតជាប្ដី ដើរតម្រង់តូបលក់ដូររបស់ប្រពន្ធ រួចទាញកាំភ្លើងខ្លីបាញ់មកលើប្រពន្ធទាំងកម្រោល ហើយក៏បានយកកាំភ្លើងខ្លីនោះ បាញ់ខ្លួនឯងធ្វើអត្តឃាតតាមក្រោយបញ្ចប់ជីវិតស្លាប់ក្នុងថ្លុកឈាមនៅកន្លែងតូបលក់ដូរជាមួយគ្នា ។

អាជីវករលក់ដូរនៅផ្សារស្គន់វិញ បានប្រាប់ថា គេបានឮសូរសំឡេងគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់នៅក្នុងផ្សារ  បន្ទាប់មកក៏មានការភ្ញាក់ផ្អើលឆោឡោ ធ្វើឲ្យអាជីវករលក់ដូរទាំងប្រុសទាំងស្រីបាននាំគ្នារត់មកមើលកន្លែងកើតហេតុ ក៏ឃើញប្ដីប្រពន្ធពីរនាក់ដេកស្លាប់ក្នុងថ្លុកឈាម ។

ក្រោយកើតហេតុ  កម្លាំងសន្តិសុខផ្សាររាយការណ៍ជូនប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន រួចរាយការណ៍បន្តទៅលោកអធិការនគរបាលស្រុកជើងព្រៃ បានចាត់ឱ្យកម្លាំងជំនាញបច្ចេកទេសរបស់ស្រុក សហការជាមួយមន្ទីរ ពេទ្យបង្អែកស្រុកជើងព្រៃ ដើម្បីធ្វើកោសល្យវិច័យសព។

សមត្ថកិច្ចបានបញ្ជាក់ថា សពស្ត្រីជាប្រពន្ធត្រូវបានសាច់ញាតិយកមកធ្វើបុណ្យនៅស្រុកកំណើតក្នុងស្រុកព្រៃឈរ ចំណែកបុរសជាប្ដីក្លាយជាឃាតករនោះ ត្រូវបានរៀបចំធ្វើបុណ្យនៅកន្លែងផ្សេង តែមិនបានបញ្ជាក់ទីតាំងត្រង់ចំណុចណាមួយនៅឡើយទេ គិតមករហូតដល់ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ៕ ពិសិដ្ឋ CEN

×