អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឱ្យ បានជ្រាបថា: នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការ ជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅចំណុចវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យ នាំខ្លួន លេខ ៤១៦ (ដ-ច-ន ) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ជាមួយគ្នានេះជនត្រូវចោទបានប្រព្រឹត្តខុសវិន័យ សង្ឃបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ (បារាជិក) ដោយក្នុងនាមខ្លួន ជាព្រះសង្ឃបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីក្មេងៗជាច្រើន ជួនកាលលួចដោះស្បង់ជីវរណាត់ ជួបស្រីស្នេហ៍ រហូតដល់មានកូនថែមទៀតផង។
សូមបញ្ជាក់ថា: ការចាប់ខ្លួនជនត្រូវចោទ ខាងលើគឺសមត្ថកិច្ចបានអនុវត្តត្រឹមត្រូវតាមនីតិវិធី ដោយផ្អែក លើអង្គហេតុ និងអង្គច្បាប់ព្រមទាំងភស្តុតាងច្បាស់លាស់ នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយ ឬសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលរាល់ ការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនតូច ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមចោទសមត្ថកិច្ចថាការ អនុវត្តន៍ច្បាប់ទៅលើជនត្រូវចោទជាការរំលោភបំពានសិទ្ធិសេរីភាព ដែលខ្លឹមសារនៃការចោទប្រកាន់បែបនេះគឺ គ្មានមូលដ្ឋានច្បាស់លាស់ដោយមិនផ្អែកលើអង្គហេតុពិតប្រាកដ និងអង្គច្បាប់ឱ្យបានត្រឹមត្រូវ។ បច្ចុប្បន្នជនត្រូវចោទត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅតុលាការ និងត្រូវបានចៅក្រមស៊ើបសួរសម្រេច ឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគាររាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៦ អតីតព្រះអង្គ ជា វុទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នដោយចោទពីបទ”ញុះញុងបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្គាប់ឲ្យសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ(ប៉េហ្សេ)៕ រក្សាសិទ្ធដោយ៖សុទ្ធលី






