កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោក កែវ សម្ផស្ស ជាចាងហ្វាងសារព័ត៌មានអនឡាញ PKN-Hot News ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើការចាប់ខ្លួនពីខេត្តតាកែវ ហើយបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដោយមិនទាន់ដឹងពីមូលហេតុអ្វីទេ។នេះបើតាមការចេញផ្សាយព័ត៏មានរបស់អង្គការលីកាដូនៅថ្ងៃសុក្រនេះ។
យោងតាមអត្ថបទខ្លីមួយដែលបានសរសេរបង្ហោះនៅលើទំព័រ PKN-Hotnews ថា “ស្អែកថ្ងៃសៅរ៍ទី១៤ ខែ០៣ ឆ្នាំ២០២៦ មានបងប្អូនណាមានមាន់ទៅជល់ផ្ទះឧកញ៉ាលីនអត់ព្រោះស្នងការខេត្តកំពង់ស្ពឺជាអ្នកកាងទើបបើកសង្វៀនមាន់ជល់យ៉ាងរលូន។”
លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺបានចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធករណីលេងល្បែងភ្នាល់តាម (INTERNET)។នៅចំណុចទី៤ នៃសេចក្តីបំភ្លឺព័ត៌មានអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺស្នើសុំឱ្យម្ចាស់គេហទំព័រសារព័ត៌មាន PKN-Hotnews នេះធ្វើការកែតម្រូវនូវការចុះផ្សាយព័ត៌មានខាងលើនេះឡើងវិញ។
នៅក្នុងខ្លឹមសារអត្ថបទខ្លីមួយទៀតដែលបានសរសេរបង្ហោះកាលពីដើមខែមេសាឆ្នាំ២០២៦នៅលើទំព័រPKN-Hotnews
“ #សាលាដំបូងខេត្តកំពង់ស្ពឺ
ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ណ អភិបាលខេត្ត នៃ គណអភិបាល និងជាគណៈបញ្ជការ ឯកភាព ខេត្តកំពង់ស្ពឺ សូមពិចារណប្រពន្ធ័តុលាការ ខេត្តកំពង់ស្ពឺ ស្នងការ នៃ ស្នងករខេត្តកំពង់ស្ពឺ. បានចាប់ជនល្មើស ល្បែងសុីសង អនឡាញស៍ មាន់ជល់ ចំណុចផ្សារថ្នល់បទ ភូមិក្រញូង ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ. ត្រូវបាន តុលាការ ខេត្តកំពង់ស្ពឺ ដោះលែង។
ប្រព័ន្ធតុលាការ ខេត្តកំពង់ស្ពឺ ទទួលសំណូកក្នងម្នាក់ ២០០០ $ (ពីរពាន់ដុល្លារ) ជនល្មើសល្បែងសុីសងចំនួន ៣ នាក់អស់ ៦០០០$ ដុល្លារ។”
គិតត្រឹមថ្ងៃត្រង់ថ្ងៃទី0៣ ខែមេសា ឆ្នាំ២០២៦ អ្នកសារព័ត៌មានរូបនេះមិនទាន់ត្រូវបានចោទប្រកាន់ពីបទអ្វីនៅឡើយទេដោយស្ថិតនៅក្នុងនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ា
គួររំលឹកថា គិតមកត្រឹមដើម ខែមេសា ឆ្នាំ២០២៦ មានអ្នកសារព័ត៌មានចំនួនសរុប ១១នាក់ ត្រូវបានហៅទៅសាកសួរ ដោះលែងឃុំខ្លួនដោយសារតែការបំពេញវិជ្ជាជីវរបស់ខ្លួនដែលសមាគមបានធ្វើការកត់ត្រា៕ រក្សាសិទ្ធដោយ៖សុទ្ធលី


