Friday, April 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមកែវ សុទ្ធិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាក់ ក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្ដរជាតិ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចជំនួបរវាង
ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកជំទាវ Matilda Bogner អ្នកតំណាងប្រចាំប្រទេសនការិយាល័យឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា (គ.ស.ម.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Matilda Bogner អ្នក់តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំ កម្ពុជា (OHCHR) នៅសាលប្រជុំរបស់ គ.ស.ម.ក.។ កិច្ចជំនួបនេះ មានគោលបំណង់បន្តពង្រឹងកិច្ចសហ ប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR លើវិស័យសិទ្ធិមនុស្ស ។

ក្រោយពីសម្តែងការស្វាគមន៍ចំពោះលោកជំទាវ Matilda Bogner និងសហការី ឯកឧត្តម កែវ សុទ្ធិ បានគូសបញ្ជាក់ពីតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស រួមមាន ការទទួលនិងដោះស្រាយពាក្យបណ្តឹង ការចុះស៊ើបអង្កេត ការចុះអប់រំផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅតាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ការរៀបចំសរសេររបាយការណ៍សិទ្ធិមនុស្សជាតិចំនួន៥ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិង សិទ្ធិនយោបាយ កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ អនុសញ្ញាអន្តរជាតិស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ អនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការ បាត់ខ្លួនដោយបង្ខំ និងរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ការផ្តល់មេធាវី ស្ម័គ្រចិត្តដោយឥតគិតថ្លៃដល់ជនងាយរងគ្រោះ ដូចជា ជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព និងជនជាប់ឃុំ ដែលគ្មានមេធាវី ជាដើម។ ទន្ទឹមនេះ គ.ស.ម.ក. ក៏ជាតំណាងប្រទេសកម្ពុជានៅក្នុងគណៈកម្មការអន្តររដ្ឋាភិបាល អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម កែវ សុទ្ធិ ក៏បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និង ស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា−ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖
ការបិទព្រំដែនជាឯកតោភាគី ដោយគ្មានផ្ដល់ដំណឹងជាមុន
ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌ
ពិភពលោក
ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ ដែលបង្កការប៉ះពាល់ ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ
ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការដាក់ពង្រាយ លួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ដោយខុសច្បាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ៣៥ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។ ក្នុងឱកាសនោះ លោកជំទាវ Matilda Bogner បានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាង លម្អិតនិងច្បាស់លាស់ ហើយក៏បានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់និង ការការពារសិទ្ធិមនុស្ស ការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាង គ.ស.ម.ក. និង OHCHR លើវិស័យសិទ្ធិមនុស្ស នាពេលកន្លងមក។

លោកជំទាវ ក៏បានជូនជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងការតែងតាំងលោក Thomas Andrews ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ជំនួស លោក Vit Muntarbhom ដែលបានលាឈប់។ ទន្ទឹមនេះ លោកជំទាវ បានសាទរចំពោះគម្រោងរបស់ គ.ស.ម.ក. ក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ និងការលើកស្ទួយសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្ន ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ថា OHCHR បានតាមដានដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់អ្នកទាំងនោះ ផងដែរ។ លោកជំទាវ ក៏បានស្នើសុំការគាំទ្រពី គ.ស.ម.ក. ក្នុងការបន្តអនុស្សរណៈយោគយល់គ្នារវាង ប្រទេសកម្ពុជា និង OHCHR ដែលនឹងត្រូវចប់នាចុងឆ្នាំ២០២៦ នេះ។

ជាការឆ្លើយតប ឯកឧត្ដម កែវ សុទ្ធិ បានថ្លែងអំណរគុណចំពោះ OHCHR ដែលតែងតែផ្ដល់នូវកិច្ច សហការយ៉ាងល្អជាមួយ គ.ស.ម.ក. ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ព្រមទាំង បានបញ្ជាក់ពីការគាំទ្រចំពោះការបន្តអាណត្តិរបស់ OHCHR ប្រចាំនៅកម្ពុជា បន្តទៅទៀត។ បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាក់ ក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្ដរជាតិ។
កិច្ចជំនួបនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងទទួលបានលទ្ធផលគួរ ជាទីពេញចិត្ត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×