ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលឧបករណ៍ជំនួយដង្ហើម NeoLife Ventilator ចំនួន ៥០គ្រឿង ដែលជាការឧបត្ថម្ភរបស់គម្រោង NeoNatal ដែលមាន ឯកឧត្តម ជិត ប៉ុណ្ណារ៉ា ជាប្រធានគម្រោង ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកក្រុង-ស្រុក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនអង្គពិធីអំពីសារៈសំខាន់នៃឧបករណ៍ជំនួយដង្ហើមនេះ ដែលនឹងជួយសង្គ្រោះអាយុជីវិតរបស់ទារកកម្ពុជា និងរួមចំណែកកាត់បន្ថយអត្រាមរណៈនៃទារកកម្ពុជា។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងផងដែរថា ការផ្តល់ឧបករណ៍ជំនួយដង្ហើមរបស់ គម្រោង NeoNatal គឺជាការរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពរបស់ស្ថាប័នសុខាភិបាលថ្នាក់ក្រោមជាតិ ដែលជាការចូលរួមចំណែកអនុវត្តវិធានការគន្លឹះទី៣ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង “ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាលបឋមនៅមូលដ្ឋាន” ពិសេស នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកនានា។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរចំពោះទឹកចិត្តសប្បុរសដ៏ធំធេងរបស់ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា លោកជំទាវ និង ក្រុមការងារនៃគម្រោង NeoNatal ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មានតម្លៃ និងធនធានផ្ទាល់ខ្លួន ដែលជានិច្ចជាកាលតែងតែចូលរួមជួយដល់ប្រជាជនខេត្តបាត់ដំបង ជាពិសេស លើការងារផ្នែកសង្គម មនុស្សធម៌ និងសុខភាព។
បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានថ្លែងអំណរគុណចំពោះវីរៈភាព និងការលះបង់របស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅក្នុងខេត្តបាត់ដំបងទាំងអស់ ដែលបានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់, ក្រមសីលធម៌វិជ្ជាជីវៈ និងដោយគ្មានការរើសអើង ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងស្នើឱ្យក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលក្នុងខេត្តបាត់ដំបងទាំងអស់បន្តផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត សំដៅលើកកម្ពស់គុណភាពនៃសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើមួយចំនួនដល់តួអង្គដែលមានការពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន និងការចែករំលែកបទពិសោធន៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលអញ្ជើញមកពីសហរដ្ឋអាម៉េរិក នៅក្នុងវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់ឧបករណ៍ជំនួយដង្ហើម និងការជួយសង្គ្រោះអាយុជីវិតរបស់ទារក ព្រមទាំងស្នើឱ្យមន្ទីរសុខាភិបាលខេត្ត, មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព មេត្តាជួយថែរក្សាឧបករណ៍ជំនួយដង្ហើមទាំងនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យឧបករណ៍នេះអាចប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី















