ភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជនជាតិចិន២នាក់ ដែលប្រើឧបករណ៍ផ្ដាច់តេឡេឡាន ដើម្បីលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យបានប្រើប្រាស់ឧបករណ៍ម្យ៉ាងសម្រាប់បញ្ជាផ្ដាច់សេវា និងផ្ដាច់តេឡេរថយន្ដរបស់អ្នកដទៃ ដើម្បីលួចបើកទ្វារយកទ្រព្យសម្បត្តិ ដោយមិនត្រូវប្រើពេលយូរក្នុងការគាស់ទ្វារ ឬវាយបំបែកកញ្ចក់ឡាននោះឡើយ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ជនសង្ស័យទាំងពីរនាក់នេះ ត្រូវចាប់ខ្លួននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ។
ជនសង្ស័យជនជាតិចិនទាំងពីរនាក់ រួមមាន៖ ឈ្មោះ LIANG JING DIAN ឆ្នាំកំណើត១៩៨៧ និងឈ្មោះ LIANG SHAO MIN ឆ្នាំកំណើត១៩៨០។ ពួកគេបានធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន១ដើម ប្រព្រឹត្តនៅចំណុចចំណតរថយន្តក្នុងផ្សារទំនើបអ៊ីអនមានជ័យ សង្កាត់ចាក់អង្រែក្រោយ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
នៅពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន១៣គ្រាប់ (ជារបស់ជនរងគ្រោះ) និបឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រព័ន្ធបញ្ជា ចំនួន១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។ បច្ចុប្បន្នការិយាល័យកំពុងសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



