Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះលក់កង់-ម៉ូតូនិងវេរលុយចំនួន១៧ ខ្នងត្រូវអគ្គីភ័យឆាបឆេះរថយន្ត ១០គ្រឿងអន្តរាគមន៍បាញ់ទឹកពន្លត់

ខេត្តកំពង់ចាម: លំនៅឋានរបស់ប្រជាពលរដ្ឋប្រកបរបរលក់កង់-ម៉ូតូនិងផ្ទះវេរលុយវីងព្រមទាំងផ្ទះលក់ដូរផ្សេងទៀតដែលបានសង់នៅលើអតីតបឹងកំប្លោកត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី០៧មីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយលំនៅដ្ឋានសាងសង់អំពីឈើប្រក់ក្បឿងចំនួន១៧ខ្នងផ្ទះស្មើ១៧ម្ចាស់ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់។

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា: ក្រោយពីទទួលបានព័ត៌មានអគ្គីភ័យភ្លាមៗនោះលោកវរសេនីយ៍ឯកអ៊ឹង ប៊ុនអធិការនគរបាលក្រុងកំពង់ចាមបានបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់។ បន្ទាប់មកគេបានឃើញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់។ជាមួយនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឈូរឆរមកមើលខ្លះជញ្ជូនរបស់ទ្រព្យចេញពីក្នុងផ្ទះទៅកន្លែងសុវត្ថិភាព ទោះជាយ៉ាងណាបានត្រឹមជញ្ជូនបន្តិចបន្តួចប៉ុណ្ណោះព្រោះកម្ដៅភ្លើងខ្លាំងពេក។

សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ភ្លាមៗត្រូវបានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងចម្រុះចុះជួយអន្តរាគមន៍ដោយផ្ទាល់ ។ក្នុងប្រតិបត្តិការនេះរួមមានកម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៤សង្កាត់ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ។
អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ០៤ និង១០នាទីព្រឹក ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ។
ប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ១០ គ្រឿង គឺរថយន្តពន្លត់អគ្គីភ័យខេត្ត ០៣គ្រឿង,ស្រុកព្រៃឈរ ០១គ្រឿង,ស្រុកកងមាស ០១គ្រឿង,ស្រុកជើងព្រៃ ០១គ្រឿង, ស្រុកស្ទឹងត្រង់ ០១គ្រឿង ,កំពង់សៀម ០១គ្រឿង,ចំការលើ០១គ្រឿង និងរថយន្ត អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ០១គ្រឿង។ ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់ទឹក ជួយពន្លត់ អស់ចំនួន ៥៣ រថយន្ត។
ករណីនេះបណ្ដាលឱ្យខូចខាត
ឆេះផ្ទះ១៧ខ្នង គឺ÷
១/ម្ចាស់ផ្ទះឈ្មោះ លាង ខេង ភេទប្រុស
២/ឈ្មោះ ជិន វណ្ណា ភេទប្រុស
៣/ឈ្មោះ ខៀវ ណេង ភេទប្រុស
៤/ឈ្មោះ ញ៉េប យ៉យ ភេទប្រុស
៥/ឈ្មោះ ឆាំង ឡុង ភេទប្រុស *(២ខ្នងផ្ទះ)
៦/ឈ្មោះ ម៉ៃ គឹមសុន ភេទប្រុស
៧/ឈ្មោះ ខេង ថុង ភេទប្រុស
៨/ឈ្មោះ ហេង ណារី ភេទស្រី
៩/ ឈ្មោះ តាំង សៀកហេង ភេទប្រុស
១០/ ឈ្មោះ លឹម ប៉ោហ័ង ភេទប្រុស
១១/ ឈ្មោះ អ៊ាម ង៉ ភេទស្រី
១២/ឈ្មោះ លន់ នី ភេទ
១៣/ឈ្មោះ ឡឹក សារី ភេទប្រុស
១៤/ឈ្មោះ លឹម ហ៊ួត ភេទប្រុស
១៥/ឈ្មោះ អ៊ាង ធារី ភេទស្រី
១៦/ឈ្មោះ ឈ្មោះ លី អាងជួង ភេទស្រី។

យោងតាមសាក្សីម្នាក់ជាម្ចាស់ផ្ទះដែលប្រកបរបរជាងផ្សារកង់ម៉ូតូបានឲ្យដឹងនាព្រឹកថ្ងៃទី៨មីនា ថា មុនហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងដំបូងឃើញមានទុស្សេខ្សែភ្លើងចេញពីបង្គោលភ្លើងមួយកន្លែងនៅមុខផ្ទះរបស់គាត់ ហើយភ្លើងនោះបានឆេះរាលដាលបន្តមកដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ។ គឺបានឆេះឆ្លងពីផ្ទះមួយទៅផ្ទះមួយធ្វើឲ្យអណ្ដាតភ្លើងឡើងក្រហមច្រើនទៅលើអាកាស ពេលដែលភ្លើងកំពង់ឆ្នេះមនុស្សកំពុងដេកលង់លក់ស្រួលហើយម្ចាស់ផ្ទះបានត្រឹមជញ្ជូនរបស់ទ្រព្យបន្តិចបន្តួចចេញពីក្នុងផ្ទះតែប៉ុណ្ណោះធ្វើយ៉ាងណាឱ្យរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។

អ្នកស្រីសម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តបានឲ្យដឹងតាមតេឡេក្រាមថាបន្ទាប់ពីមានគ្រោះមហន្តរាយធំមិនធ្លាប់មាននៅក្នុងក្រុងកំពង់ចាមនេះ ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមទាំងសហការីពិតជាមានការសោកស្ដាយបំផុតចំពោះហេតុការណ៍នេះនឹងបានយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង១៧គ្រួសារ ដោយធ្វើឡើងនាព្រឹកថ្ងៃទី៨មិនា ។

សូមបញ្ជាក់ថាសកម្មភាពរថយន្តពន្លត់អគ្គីភ័យនៅតែបន្តបាញ់ទឹកបន្ថែមទៀតទៅលើលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់និងមានផ្សែងហុយៗធ្វើយ៉ាងណាចៀសវាងកុំឲ្យភ្លើងឆេះឡើងវិញដោយបន្តរហូតដល់ម៉ោង៩ព្រឹក។ ចំពោះទ្រព្យសម្បត្តិដែលបាត់បង់ក្នុងនោះសង្កេតឃើញមានកង់-ម៉ូតូរាប់រយគ្រឿង មានម៉ូតូខ្លះត្រូវបានពលរដ្ឋទិញបង់រំលោះហើយក្រដាសស្នាមត្រូវបានឆេះម៉ត់។បើតាមលោកផ្លោក សុវណ្ណចៅសង្កាត់កំពង់ចាម វិញចុះធ្វើរបាយការណ៍តាមខ្នងផ្ទះនីមួយៗសរុបគិតជាទឹកប្រាក់ទំហំនៃការខូចខាតប្រមាណជិតពីរលានដុល្លារ។ នេះអាចចាត់ទុកជាគ្រោះមហន្តរាយធំនៅដើមរដូវប្រាំងកាលពីមុនមកកម្រនឹងមានហេតុការណ៍បែបនេះ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×