ក្រុងព្រះសីហនុ៖ ម៉ូតូ ២គ្រឿង បើកក្នុងទិសដៅញ្ច្រាស់ផ្លូវគ្នា បុកគ្នាពេញទំហឹង បណ្តាលឲ្យ២នាក់ស្លាប់ ដោយម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី០៨ខែមីនាឆ្នាំ២០២៥ វេលាម៉ោង០១:៣៥នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រញ៉ូវស្តា ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1BU-1940 អ្នកបើកបរឈ្មោះ ដា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង.ព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទិសដៅពីលិចឆ្ពោះទៅកើត(សង្ស័យបញ្ច្រាសទិស) លុះមកដល់ចំណុចកើតហេតុខាងលើ បើកក្នុងល្បឿនលឿនបុកជាមួយនឹងម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AO-2901 បើកបរដោយឈ្មោះ សំ ថៃប៊ុនរ៉ុង ភេទប្រុស កើតឆ្នាំ២០០០ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលមានទិសដៅផ្ទុយគ្នា(បើកស្របទិសរបស់ខ្លួន)។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យស្លាប់មនុស្ស០១នាក់(អ្នកបើកបរម៉ូតូ HONDA DREAM) និងរងរបួសធ្ងន់០១នាក់(អ្នកបើកបរម៉ូតូ HONDA SCOOPY) អ្នករបួសបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅភ្នំពេញ។
សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាង ម៉ូតូ០២គ្រឿង ខូចធ្ងន់ សមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






