Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះប្រជាពលរដ្ឋ១៧ខ្នង ដែលសង់អំពីឈើប្រក់ក្បឿងត្រូវ ភ្លើងអគ្គីឆេះម៉ត់ នៅសង្កាត់កំពង់ចាម

ខេត្តកំពង់ចាម ៖ អណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមានផ្សែងហុយខ្មួលខ្មាញ់ ទៅលើអាកាសដោយសារតែអគ្គិភ័យឆាបឆេះលំនៅឋាន របស់ប្រជាពលរដ្ឋប្រកបរបរលក់កង់- និងម៉ូតូ ដែលទីនេះជាអតីតបឹងកំប្លោក ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី០៧ មីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយលំនៅឋានសាងសង់អំពីឈើប្រក់ក្បឿងចំនួន១៧ខ្នង ផ្ទះស្មើ១៧ម្ចាស់ ត្រូវបានឆេះខ្ទេចខ្ទីរ ដោយទ្រព្យសម្បត្តិមួយផ្នែកធំក្លាយជាចំណីអគ្គី ចំណែកម្ចាស់វិញបានត្រឹមតែបង្ហូរទឹកភ្នែកសោកស្ដាយតែប៉ុណ្ណោះ ។

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ៖ក្រោយពីទទួលបានព័ត៌មានអគ្គីភ័យភ្លាមៗនោះលោកវរសេនីយ៍ឯក អ៊ឹង ប៊ុនអធិការនគរបាលក្រុងកំពង់ចាមបានបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់។ បន្ទាប់មកគេបានឃើញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់ ទាំងកណ្ដាលអាធ្រាតខណៈមនុស្សកំពុងតែដេកលង់លក់ស្រួល។

សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា៖ ភ្លាមៗត្រូវបានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងចម្រុះចុះជួយអន្តរាគមន៍ដោយផ្ទាល់ ។ ដោយក្នុងប្រតិបត្តិការនេះរួមមានកម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៤សង្កាត់ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ។

អគ្គិភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ០៤ និង១០នាទីព្រឹក ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ។ ប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ១០ គ្រឿង គឺរថយន្តពន្លត់អគ្គីភ័យខេត្ត ០៣គ្រឿង,ស្រុកព្រៃឈរ ០១គ្រឿង,ស្រុកកងមាស ០១គ្រឿង, ស្រុកជើងព្រៃ ០១គ្រឿង, ស្រុកស្ទឹងត្រង់ ០១គ្រឿង ,កំពង់សៀម ០១គ្រឿង,ចំការលើ០១គ្រឿង និងរថយន្ត អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ០១គ្រឿង។ ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់ទឹក ជួយពន្លត់ អស់ចំនួន ៥៣ រថយន្ត។

ករណីនេះបណ្ដាលឱ្យខូចខាត ឆេះផ្ទះ១៧ខ្នង មាន៖ ១/៖ ម្ចាស់ផ្ទះឈ្មោះ លាង ខេង ភេទប្រុស, ២/៖ ឈ្មោះ ជិន វណ្ណា ភេទប្រុស, ៣/៖ ឈ្មោះ ខៀវ ណេង ភេទប្រុស, ៤/៖ ឈ្មោះ ញ៉េប យ៉យ ភេទប្រុស, ៥/៖ ឈ្មោះ ឆាំង ឡុង ភេទប្រុស *(២ខ្នងផ្ទះ), ៦/៖ ឈ្មោះ ម៉ៃ គឹមសុន ភេទប្រុស,
៧/៖ ឈ្មោះ ខេង ថុង ភេទប្រុស, ៨/៖ ឈ្មោះ ហេង ណារី ភេទស្រី, ៩/៖ ឈ្មោះ តាំង សៀកហេង ភេទប្រុស, ១០/៖ ឈ្មោះ លឹម ប៉ោហ័ង ភេទប្រុស, ១១/៖ ឈ្មោះ អ៊ាម ង៉ ភេទស្រី, ១២/៖ ឈ្មោះ លន់ នី ភេទប្រុស, ១៣/៖ ឈ្មោះ ឡឹក សារី ភេទប្រុស, ១៤/៖ ឈ្មោះ លឹម ហ៊ួត ភេទប្រុស, ១៥/៖ ឈ្មោះ អ៊ាង ធារី ភេទស្រី និង១៦/៖ ឈ្មោះ ឈ្មោះ លី អាងជួង ភេទស្រី។

យោងតាមសាក្សីម្នាក់ជាម្ចាស់ផ្ទះ ដែលប្រកបរបរជាងផ្សារកង់ម៉ូតូ បានឲ្យដឹងនាព្រឹកថ្ងៃទី៨មីនានេះថា៖ មុនហេតុការណ៍គ្រោះអគ្គីភ័យនេះ កើតឡើងដំបូងឃើញមានទុស្សេខ្សែភ្លើងចេញពីបង្គោលភ្លើងមួយកន្លែងនៅមុខផ្ទះរបស់គាត់ ហើយភ្លើងនោះ បានឆេះរាលដាលបន្តមកដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ គឺបានឆេះឆ្លងពីផ្ទះមួយទៅផ្ទះមួយ ធ្វើឲ្យអណ្ដាតភ្លើងឡើងក្រហមច្រើនទៅលើអាកាស ពេលដែលភ្លើងកំពង់ឆ្នេះមនុស្ស កំពុងដេកលង់លក់ស្រួលហើយម្ចាស់ផ្ទះបានត្រឹមជញ្ជូន របស់ទ្រព្យបន្តិចបន្តួចចេញពីក្នុងផ្ទះតែប៉ុណ្ណោះ ធ្វើយ៉ាងណាឱ្យរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។

អ្នកស្រីសម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តបានឲ្យដឹងថា៖ បន្ទាប់ពីមានគ្រោះមហន្តរាយធំមិនធ្លាប់មាននៅក្នុងក្រុងកំពង់ចាមនេះ ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមទាំងសហការី ពិតជាមានការសោកស្ដាយបំផុត ចំពោះហេតុការណ៍នេះ និងបានយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង១៧គ្រួសារ ដោយធ្វើឡើងនាព្រឹកថ្ងៃទី៨ មីនា ។

សូមបញ្ជាក់ថា៖ សកម្មភាពរថយន្តពន្លត់អគ្គីភ័យនៅតែបន្តបាញ់ទឹកបន្ថែមទៀត ទៅលើលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ និងមានផ្សែងហុយៗធ្វើយ៉ាងណាចៀសវាងកុំឲ្យភ្លើងឆេះឡើងវិញ ដោយបន្តរហូតដល់ម៉ោង៩ព្រឹក។ ចំពោះទ្រព្យសម្បត្តិ ដែលបាត់បង់ ក្នុងនោះសង្កេតឃើញមានកង់រាប់រយគ្រឿង ម៉ូតូគ្រប់ប្រភេទចូលខ្ទង់១០០គ្រឿងដែរ បើគិតជាទំហំទឹកប្រាក់នៃការខូចខាត អាចចូលដល់ខ្ទង់លានដុល្លារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×