នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលមានលោក ពុយ គា ជាប្រធាន បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ដែលមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួម៥៦នាក់ មកពី៣៨ស្ថាប័ន។
នៅក្នុងវេទិកាសារព័ត៌មានខាងលើនេះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានធ្វើបទបង្ហាញជុំវិញទស្សនទានរបស់លោកស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ថាតើអាស៊ាននឹងមានឥទ្ធិពលយ៉ាងណានៅក្នុងតំបន់ និងពិភពលោក? ចាប់តាំងពីអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដែលមានប្រទេសចំនួន៥ប៉ុណ្ណោះ ឥឡូវសមាគមប្រជាជាតិមួយនេះបានពង្រីកសមាជិករហូតដល់ចំនួន១០ និងកំពុងរំកិលបន្តបញ្ចូលប្រទេសមួយទៀតនៅពេលខាងមុខខណៈដែលប្រជាជនមានចំនួនកើនឡើងរហូតដល់៦៧០លាននាក់ទៅហើយនាពេលនេះ។
ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានថា នៅថ្លែងថា នៅឆ្នាំ២០២៦ ប្រទេសហ្វីលីពីន នឹងធ្វើជាប្រធានអាស៊ាន ជំនួសប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែបន្តមានវិបត្តិផ្ទៃក្នុង។
សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧។ បើរាប់តាមអក្ខរក្រម មីយ៉ាន់ម៉ា នឹងត្រូវធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៦ ប៉ុន្តែដោយសារប្រទេសនេះនៅមានវិបត្តិផ្ទៃក្នុងមិនទាន់ដោះស្រាយបាន ទើបអាស៊ាន សម្រេចផ្តល់ឋានៈជាប្រធានអាស៊ានដល់ហ្វីលីពីនតែម្តង។
អគ្គលេខាធិការអាស៊ាន បានថ្លែងដែរថា ឋានៈជាប្រធានអាស៊ាន មិនមែនជាបញ្ហាដែលត្រូវឲ្យកើតឡើងនោះទេ គឺអាស៊ានដោះស្រាយបញ្ហានេះរួចរាល់ហើយ។
ក.អ.ក ចាត់ទុកវេទិកាសារព័ត៌មានខាងលើនេះគឺជាពេលវេលាដ៏កម្រ និងមានសារសំខាន់សម្រាប់ អ្នកសារព័ត៌មានដែលចង់ស្វែងយល់ពីកិច្ចការអាស៊ាន៕រក្សាសិទ្ធដោយ៖សុទ្ធលី













