ព្រំដែន កម្ពុជា-ថៃ ៖ ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋានកងការពារព្រំដែន លេខ៥០៤ យោធភូមិភាគទី៥ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អធិបតីមានប្រសាសន៍ថា ការលះបង់របស់យោធិនយើងពិតជាធំធេងណាស់ ដើម្បីការពារបូរណភាពដែនដី និងសុខសន្តិភាពជូនប្រទេសជាតិ។
ឯកឧត្តម បានពាំនាំបណ្តាំផ្ញើដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈទេសៈ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍យ៉ាងដូច្នេះថា ” ថ្ងៃនេះ ខ្ញុំ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បានចុះមកសួរសុខទុក្ខកងទ័ពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥ និងយោធភូមិភាគទី៤ ក្នុងនោះក៏បានឆ្លៀតឱកាសមកសួរសុខទុក្ខបងប្អូនទាហានយើងដែលកំពុងឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ នេះ ពិសេសបានអុជធូប តាមទំនៀមទម្លាប់ខ្មែរពីបុរាណនៅទីសក្ការៈដ៏ស័ក្ដិសិទ្ធិនៅលើប្រាសាទតាមាន់ធំ និងបានបួងសួងសុំសេចក្តីសុខចម្រើន ជួយបីបាច់ថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ពុជា និងសូមសន្តិភាពបន្តមានជានិច្ចនិរន្ត៍នៅកម្ពុជា។ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ | ខេត្តឧត្តរមានជ័យ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















