ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឬសង្ក្រាន្តឆ្នាំថ្មី នាពេលខាងមុខនេះ ច្បាស់ជានឹងត្រូវបានរៀបចំយ៉ាងអធិកអធមធំដុំ សប្បាយរីករាយ អឺងកងអស្ចារ្យ ដែលមិនត្រឹមតែលើទឹកដីអង្គរ-សៀមរាប ប៉ុណ្ណោះទេ គឺនៅតាមបណ្ដារាជធានី-ខេត្ត នានា ក៏ត្រូវរៀបចំពិធី ” សង្ក្រាន្ត ” ឱ្យអធិកអធមទាំងអស់គ្នាផងដែរ , តួយ៉ាងពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ណែនាំឱ្យក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដ» នៅតាមបណ្ដារាជធានី-ខេត្ត ដោយបន្ថែមពីលើការរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» នៅឯខេត្តសៀមរាប។
ព្រឹត្តិការណ៍បុណ្យជាតិ ដែលត្រូវបានណែនាំឱ្យរំលេចឡើងនូវភាពអស្ចារ្យបែបនេះ ធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៧ និងទទួលទានភោជនាហារ ជាមួយតំណាងសិល្បករ អង្គការ ស្ថាប័នពាក់ព័ន្ធ ទូទាំងប្រទេស នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យថា ឆ្នាំនេះ នៅអង្គរវត្តយើង រៀបចំអង្គរសង្ក្រាន្ត និងរៀបចំសិល្បៈសម្ដែង បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗជាច្រើនក៏មែនពិត ប៉ុន្តែនៅទូទាំងប្រទេស ក៏ត្រូវរៀបចំនៅថ្នាក់ខេត្ត ថ្នាក់ស្រុកឱ្យបានច្រើនផងដែរ, ហើយជំរុញការលេងល្បែងប្រជាប្រិយយើងឱ្យបានច្រើន ដើម្បីថែរក្សា និងលើកស្ទួយវប្បធម៌ជាតិរបស់យើង។ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មិនហាមទេក្នុងការលេងបាញ់ទឹកនោះ គ្រាន់តែថា ត្រូវពិនិត្យមើលបងប្អូនយើងស្លៀកពាក់សម្លៀកបំពាក់ទៅចូលរួមពិធីផ្សេងៗផង, ប៉ុន្តែទោះជាយ៉ាងណា សូមចូលរួមលេងល្បែងប្រជាប្រិយឱ្យបានច្រើន ព្រោះការចូលរួមនេះ បានទាំងសប្បាយ បានទាំងថែទាំវប្បធម៌។
យើងសង្ឃឹមថា «សង្ក្រាន្ដ» កម្ពុជា នឹងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីយ៍ នាពេលឆាប់ៗខាងមុខនេះ, ដូច្នេះ សូមចូលរួមសប្បាយជាមួយនឹងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើននៅគ្រប់ទីកន្លែង៕ ពិសិដ្ឋ CEN



















