Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចមហាបវរធិបតី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade)។

កិច្ចប្រជុំកំពូលក្នុងថ្ងៃនេះមានការចូលរួម ពីបណ្តាលក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប ៣១៥ ក្រុមហ៊ុន និងធុរជនជាង ៥០០នាក់ ។ តាមរយៈវេទិកានេះបានផ្តល់នូវកាលានុវត្តភាពបន្ថែមទៀត និងវឌ្ឍនភាពជាក់ស្តែង ក្នុងសហគមន៍អាស៊ាន ប្រកបដោយភាពប្រទាក់ក្រឡា និងមានវិបុលភាព រួមនិងការស្វែងយល់បន្ថែមពីតួនាទីដ៏សំខាន់នៃការបង្កើនការតភ្ជាប់ ការលើកកម្ពស់កំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលជាចក្ខុវិស័យ ស្របតាមគោលដៅរបស់អាស៊ាន និង គោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ម្តងទៀតនៅទីនេះនៅចំកណ្តាលរាជធានីភ្នំពេញ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមធុរកិច្ចទាំងអស់ ដែលបានចូលរួមដឹកនាំរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏សំខាន់នេះឡើង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះប្រតិភូធុរកិច្ចដ៏ឧត្តុង្គឧត្តម មកពីរដ្ឋសមាជិកអាស៊ាន និងបណ្តាប្រទេសជាដៃគូ ជាច្រើនទៀត ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងបានវគ្គផ្គូផ្គងធុរកិច្ច (Business Matching Sessions) ដែលនឹងបង្កើតកាលានុវត្តភាពដ៏មានតម្លៃជាច្រើនរវាងធុរកិច្ច និងធុរកិច្ច (B2B) និង កិច្ចប្រជុំរវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច (Government-to-Business Meetings) ដែលនឹងជំរុញការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការរបស់យើង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន បានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាព ដោយមានសក្ដានុពលដ៏សម្បើម ដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៥ ក្នុងពិភពលោក ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន មានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ ។ ដំណើរប្រកបដោយជោគជ័យរបស់តំបន់អាស៊ាន លើទិដ្ឋភាព
ភាពជាដៃគូសេដ្ឋកិច្ច បានស្តែងឡើងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ ។

សម្តេចសូមជំរុញឱ្យអ្នកដឹកនាំធុរកិច្ច និងវិនិយោគិនទាំងអស់ ទាញយកអត្ថប្រយោជន៍ឱ្យបានពេញលេញពីកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្នុងថ្ងៃនេះ ដើម្បីប្រាស្រ័យទាក់ទង, ផ្លាស់ប្តូរគំនិត, និងស្វែងរកឱកាសសហការ ក្នុងការចាប់យកសក្តានុពលដ៏ធំធេង ពីសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់តំបន់អាស៊ាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×