ខេត្តកំពង់ចាម: “ក្នុងការប្រឡងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដោយប៉ុស្តិ៍រដ្ឋបាល១០៩ឃុំ សង្កាត់ក្នុងខេត្តកំពង់ចាម បានជាប់ចំណាត់ថ្នាក់ដូច្នេះចាត់ទុកជាខេត្តគំរូហើយខេត្តផ្សេងទៀតត្រូវរៀនសូត្រអនុវត្តតាម”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃថ្លែងនៅក្នុងកិច្ចប្រជុំការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី៤មិនា ឆ្នាំ២០២៥។ ជាមួយនោះមានការចូលរួមពីមេឃុំ ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នាយប៉ុស្តិ៍ទាំង១០៩ ឃុំ-សង្កាត់ផងដែរ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
តាមរយៈឈ្មួញបាននាំចូលនៅសារធាតុគីមីជាច្រើនរយតោន ដើម្បីមកផលិតជីកសិកម្ម តែតាមពិតបែរជាលួចផលិតនៅថ្នាំញៀនទៅវិញ។ហើយក្នុងប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចចម្រុះនាពេលកន្លងទៅធ្លាប់បានបង្ក្រាបនៅខេត្តផ្សេងដែលមានរហូតដល់រាប់រយតោន ចំពោះថ្នាំញៀនដែលផលិតបាននេះគឺមានតម្លៃថោកជាងថ្នាំញៀនធម្មតារហូតដល់ពាក់កណ្ដាលឯណោះ។
ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍បន្តថា ជាវិធានការបើប៉ុស្តិ៍រដ្ឋបាលឬជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តដឹងពីផលប៉ះពាល់នៃថ្នាំញៀនផលិតដោយសារធាតុគីមីធ្វើយ៉ាងណាប្រញាប់បិទផ្សាយនៅតាមសាលាឃុំនិងសង្កាត់ ដើម្បីបញ្ជ្រាបដល់ស្រទាប់យុវជនឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ធ្វើយ៉ាងណាកុំឲ្យធ្លាក់ខ្លួនជាអ្នកញៀនថ្នាំព្រោះអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ខ្លួនឯងនិងសង្គមគ្រួសារ។
ចាប់ពីពេលនេះលោកមេឃុំ ចៅសង្កាត់ប្រធានមណ្ឌលសុខភាពទាំងអស់នៅក្នុងខេត្តកំពង់ចាម ត្រូវតែពង្រឹងគោលជំហរឲ្យបានល្អក្នុងការផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសតាមរយៈច្រកចេញចូលតែមួយធ្វើយ៉ាងណាខិតខំក្នុងការផ្ដល់សេវាជូនពលរដ្ឋ មិនប្រកាន់ ពណ៌សម្បុរជាតិសាសន៍ ដើម្បីឲ្យពួកគាត់មានទំនុកចិត្តលើអាជ្ញាធរដែនដី។
ដោយឡែកឯកឧត្តមអ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ឲ្យដឹងដែរថា ក្នុងការប្រឡងប្រណាំងគោលនយោបាយភូមិ ឃុំ សង្កាត់ទាំង៧ចំនុច មានខេត្តខ្លះតូចដោយប្រឡងប្រណាំងពុំជាប់លេខនឹងគេនោះទេ។ហើយរូបលោកចុះមកនេះដើម្បីត្រួតពិនិត្យមើលនៅចំណុចខ្វះខាតតាមបណ្ដាខេត្ត រាជធានី នៅក្នុងប្រទេសកម្ពុជា ក្នុងគោបំណងសំខាន់បំផុតធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពល្អ។បញ្ជាក់ថាគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពពីមុនត្រូវបានដាក់ចេញដោយក្រសួងមហាផ្ទៃ។តែបច្ចុប្បន្ននេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព។ជាមួយនោះសូមយកខេត្តកំពង់ចាមធ្វើជាខេត្តគំរូព្រោះជាខេត្តដែលប្រឡងប្រណាំងបានជាប់ចំណាត់ថ្នាក់ទាំង១០៩ឃុំ-សង្កាត់ ដើម្បីសម្រាប់ជាបទពិសោធន៍នៅខេត្តផ្សេងៗទៀតយកគំរូនិងអនុវត្តតាម។ហើយកិច្ចការផ្ដល់សេវាក្នុងការប្រឡងប្រណាំងដែលទាមទារឲ្យមានការលើកទឹកចិត្តសំខាន់ឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី











