ភ្នំពេញ ៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា នៅឆ្នាំ២០២៤ ពិភពលោកបានវិវត្តកាន់តែលឿន ទៅក្នុងស្ថានភាពស្មុគស្មាញ ផុយស្រួយ គ្រោះថ្នាក់ និងមិនច្បាស់លាស់ ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទំនើប រវាងមហាអំណាចធំៗ ជម្លោះប្រដាប់អាវុធ និងការលំបាកក្នុងការស្វែងរក និងធានាសន្តិភាពនៅក្នុងតំបន់ និងប្រទេសជាច្រើន និងការកើនឡើងនៃបញ្ហាសន្តិសុខមិនប្រពៃណី។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងបន្តទៀតថា ទាំងនេះក៏ បាននាំឱ្យមានការកើនឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន អស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ការកើនឡើងតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ និងហានិភ័យនៃការបម្រែបម្រួល អាកាសធាតុ។ ភាពច្របូកប្របល់នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលកំពុងឃ្លាតចេញ ពីគន្លងច្បាប់អន្តរជាតិនេះ បាននាំដល់ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី ការចុះខ្សោយនៃស្ថាប័នអភិបាលកិច្ចសកល និងការបាត់បង់ជំនឿទុកចិត្ត លើ សកលភាវូបនីយកម្ម។
ទ្វីប និងតំបន់នីមួយៗ មានបញ្ហារៀងៗខ្លួន ទោះជាបញ្ហានោះពាក់ព័ន្ធនឹង សង្គ្រាមរវាងរដ្ឋនិងរដ្ឋ ឬរវាងក្រុមប្រដាប់អាវុធនានាក្នុងរដ្ឋ បញ្ហាពាក់ព័ន្ធនឹងវិបត្តិ សេដ្ឋកិច្ច-សង្គម សាសនា យោធា-សន្តិសុខ បច្ចេកវិទ្យា ឬក៏ជាបញ្ហាដែលពាក់ព័ន្ធ នឹងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យាក៏ដោយ។
ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្រ នយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ រវាងមហាអំណាចធំៗនៅលើលោក នឹងកំណត់អំពីការប្រែប្រួលនៃ ស្ថានការណ៍តំបន់ និងពិភពលោក ហើយក៏នឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយ ប្រយោល លើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាយើងជាមិនខាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងបន្តទៀតថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់យើង នឹងនៅតែជាមជ្ឈមណ្ឌលនៃការដណ្តើម ឧត្តមភាព ឥទ្ធិពល និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើនដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម យុទ្ធសាស្ត្រ នយោបាយ និងការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ។ ស្ថិតនៅកណ្តាលនៃការលំបាក និងការប្រឈមដ៏មហាសាលទាំងនេះ តើកម្ពុជានឹង ត្រូវដើរលើផ្លូវណា បត់បែនយ៉ាងដូចម្តេច ជំនះ គេចឧបសគ្គ និងអន្ទាក់ណាខ្លះ ឆក់យកឱកាសណា ហើយខិតខំប្រឹងប្រែងយ៉ាងណា លើវិស័យអ្វីខ្លះ និងតាម របៀបណា ដើម្បីរក្សាការពារផលប្រយោជន៍គោលរបស់ជាតិយើង? ទាំងនេះជា សំណួរខ្លះ ដែលអង្គសន្និបាតរបស់យើងនឹងខិតខំជជីកសួរ ស្វែងយល់ រកហេតុផល រកវិធីដោះស្រាយ និងរកចម្លើយឲ្យបានក្នុងការពិគ្រោះ ពិភាក្សាគ្នារយៈពេល ពីរថ្ងៃ នេះ។
ខណៈពេលដែលយើងខិតខំផ្តោតការយកចិត្តទុកដាក់លើកិច្ចការអន្តរជាតិដ៏ ស្មុគស្មាញនេះ យើងក៏មិនត្រូវភ្លេចពីការដ្ឋានកំណែទម្រង់ស្ថាប័នទាំងក្នុងក្រសួង និងនៅតាមបណ្តាស្ថានបេសកកម្មនៅបរទេសនោះដែរ។ កន្លងមក កំណែទម្រង់ ផ្ទៃក្នុងបាននាំមកនូវផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ដូចជា ការកែលម្អលក្ខខណ្ឌ ការងារ ការលើកកម្ពស់សមភាព ភាពថ្លៃថ្នូររបស់មន្ត្រី បុគ្គលិកយើង ការលើក កម្ពស់សមត្ថភាព វិជ្ជាជីវៈ ភាពសកម្ម និងស្មារតីស្នេហាជាតិ ព្រមទាំងបានគិតគូរ ដល់ការកែលម្អ ជីវភាពរបស់មន្ត្រី បុគ្គលិកយើងឱ្យបានសមរម្យ។ យ៉ាងណាក៏ ដោយ ការធ្វើកំណែទម្រង់ទាំងនេះ ជាការងារដែលយើងត្រូវធ្វើជាប្រចាំ និងចេះ បត់បែនទាំងខាងចំណេះដឹង ការក្តាប់សភាពការណ៍ និងការយល់ដឹងពីការប្រឈម ដែលត្រូវជំនះ ឱ្យស្របទៅតាមការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិន្នាការពិភពលោក។ យើងនឹងធ្វើការពិភាក្សា និងរិះរកវិធានការចាំបាច់នានា ដើម្បីប្រែក្លាយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអ្នកការទូតរបស់យើង ទៅជាសេនាធិការពិតៗរបស់រាជរដ្ឋាភិបាល ដើម្បីដើរតួនាទីជាទ័ពជួរមុខលើសមរភូមិការទូត ក្នុងបេសកកម្មការពារប្រយោជន៍ប្រទេសជាតិ និងប្រជាជនយើងនៅលើឆាកអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












