ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសចេញផ្សាយជាផ្លូវការនូវសៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរភាគ២”។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាយើងមានភព្វសំណាងធំណាស់ ដែលបុព្វបុរសរបស់យើងបានបន្សល់ ទុកនូវកេរ្តិ៍មរតកវប្បធម៌ប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏រុងរឿងតាំងពីសម័យអង្គរមក ដល់សព្វថ្ងៃនេះ។ ក្នុងស្មារតីនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឯក ឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមការងារការទូតសេដ្ឋកិច្ចដែលបាន ខិតខំស្រាវជ្រាវចងក្រងនូវសៀវភៅ ស្តីពីម្ហូបខ្មែរ ដែលបានទទួលរង្វាន់ ៤ ដង ក្នុង ការ ប្រកួតប្រជែងសៀវភៅម្ហូបអាស៊ីនៅលើពិភពលោក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា “ខ្ញុំសូមយកឱកាសដ៏ ប្រពៃនេះ ប្រកាសចេញផ្សាយជាផ្លូវការ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ ២ (The Taste of Angkor II)»។ សៀវភៅនេះត្រូវបានធ្វើបច្ចុប្បន្នភាព និងមាន បន្ថែមមុខម្ហូបកាន់តែច្រើន បន្ទាប់ពីសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ១» របស់យើងបានបង្ហាញពីលក្ខណៈពិសេសដោយឡែក អំពីវប្បធម៌ដ៏រុងរឿងនៃមុខ ម្ហូបខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយស្ថិតក្នុងចំណោមវប្បធម៌ មុខម្ហូបដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក”៕ រក្សាសិទ្ធដោយ៖សុទ្ធលី









