ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ។
សិក្ខាសាលានារសៀលនេះ ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានា នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ។
ក្រោយការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងបានធ្វើការកែសម្រួលរចនាសម្ព័ន្ធ ដោយលុប និងកែលម្អ ព្រមទាំងច្របាច់បញ្ចូលអង្គភាពមួយចំនួន។ រាល់ការរៀបចំទាំងអស់ ត្រូវអនុលោមស្មារតីនៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈ «ពង្រឹង ជាជាងពង្រីក»។ នេះជាការដកស្រង់ខ្លឹមសារប្រសាសន៍របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ.។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា “ផ្អែកលើមូលដ្ឋាននៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដូចបានរៀបរាប់ខាងលើ ក្រសួង បានរៀបចំសេចក្ដីព្រាង ចំនួន៤ រួមមាន៖ (១) អនុក្រឹត្យស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ», (២) ព្រះរាជក្រឹត្យស្តីពី«ការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា ជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល», (៣) អនុក្រឹត្យស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅរបស់បណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា» និង (៤ ) អនុក្រឹត្យស្តីពី«ការបង្កើតមន្ទីរពិសោធន៍ជាតិកសិកម្ម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងបានបញ្ជូនទៅក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យ ពិភាក្សា និងបន្តនីតិវិធី»។”
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធនៃក្រសួងមុខងារសាធារណៈ ចំពោះការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន២លើក ប្រកបដោយ តម្លាភាព និងយុត្តិធម៌៕ រក្សាសិទ្ធដោយ៖សុទ្ធលី














