ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា «ការជំរុញនិងលើកកម្ពស់គុណភាពនិងគុណវុឌ្ឍិវិទ្យាសាស្រ្តនៅក្នុងវិស័យសិក្សាស្រាវជ្រាវ នឹងចូលរួមវិភាគទានដ៏ចម្បងក្នុងការរុញច្រានឱ្យខឿននៃវិស័យអប់រំមានការរីកចម្រើនស្របតាមបរិបទសាកល និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន»។
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅសាលទន្លេសាបនៃអគារខេមរវិទូ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់កិត្តិយសជាអធិបតីក្នុងពិធីបើកបវេសនកាលសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី១ វគ្គ២ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវជ្រាវ ប្រធានវិទ្យាស្ថាន មន្រ្តីរាជការ និងនិស្សិតថ្នាក់បរិញ្ញាបត្រវគ្គថ្មីនៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងពិធីដ៏វិសេសវិសាលនោះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវពុទ្ធិសំខាន់ៗជាច្រើន ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រវគ្គ២។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ធនធានបញ្ញាញាណដ៏សំខាន់របស់ជាតិគឺបាននិងកំពុងតែបម្រើការនៅរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងន័យនេះ និស្សិតទាំងអស់ដែលបានសម្រេចចិត្តមកសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា ពិតជាអាចមានឱកាសសិក្សាឈ្វេងយល់ពីបញ្ញវន្តទាំងឡាយដែលមានវត្តមាននៅទីនេះ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតបានក្រើនរំលឹកថាការសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា តម្រូវឱ្យនិស្សិតគ្រប់រូបសរសេរបញ្ចប់សារណាបទរបស់ខ្លួននិងការពារបញ្ចប់ឱ្យជោគជ័យ ទើបមានលទ្ធភាពទទួលសញ្ញាបត្របាន ដោយសារតែរាជបណ្ឌិត្យសភាកម្ពុជាមានគោលជំហរមួយច្បាស់លាស់គឺ «តម្លៃសញ្ញាបត្រត្រូវស្នើនឹងតម្លៃនៃចំណេះដឹង»។
ឯកឧត្តមបណ្ឌិត ក៏បានបន្តទៀតថា ដើម្បីឈានទៅដល់ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តបាន រាជបណ្ឌិត្យសភាកម្ពុជា នឹងបណ្តុះបណ្តាលនិស្សិតទាំងអស់ឱ្យយល់ដឹងឱ្យកាន់តែច្បាស់អំពីវិធីសាស្រ្តនិពន្ធ វិធីសាស្រ្តស្រាវជ្រាវ និងវិធីសាស្រ្តវិភាគពីឆ្នាំសិក្សាដំបូងតទៅ។ ជាងនេះទៅទៀត តាមរយៈអនុសាសន៍របស់ឯកឧត្តមបណ្ឌិត លោកបានសង្កត់ធ្ងន់ថា ការសិក្សាទ្រឹស្តីទាំងឡាយ ត្រូវមានការអនុវត្តតាមការឆ្លុះបញ្ចាំង ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាបញ្ញវន្ត ហើយបញ្ញវន្តទាំងឡាយក៏មិនគួរខ្វះការប្រុងប្រយ័ត្នលើការសរសេរអក្ខរាវីរុទ្ធដែរ ព្រោះក្នុងនាមជាកុលបុត្រខ្មែរ យើងត្រូវតែយកចិត្តទុកដាក់និងលើកកម្ពស់ភាសាជាតិរបស់ខ្លួន មិនថាតម្លៃណាក៏ដោយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងអនុសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ នោះគឺឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់នូវទិដ្ឋសង្គមចំនួន៤ មានដូចតទៅ៖
ទី១. ការមានចំណេះដឹងពិតប្រាកដនឹងធ្វើឱ្យជីវិតមានភាពស្រស់បំព្រងដូចសួនផ្កាដែលមានបុប្ឋាដ៏ស្រស់ស្អាតជាច្រើន
ទី២. បុគ្គលជោគជ័យពិតប្រាកដមិនស្ថិតលើតែទ្រព្យសម្បត្តិទេ ប៉ុន្តែគឺស្ថិតលើការសម្រេចក្តីសុបិន្ត ចក្ខុវិស័យ និងគោលដៅរបស់ខ្លួន
ទី៣. អ្នកដឹកនាំពិតប្រាកដ គឺកើតចេញពីការខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងគ្រប់មជ្ឈដ្ឋានប្រកបដោយសុភនិច្ឆ័យ
ទី៤. ការផ្តោតលើមូលដ្ឋានវិទ្យាសាស្រ្តតាមរយៈទស្សនវិជ្ជាជាក់លាក់នឹងជួយឱ្យបុគ្គលគ្រប់រូបចាកចេញពីការគិតបែបទម្លាប់ដែលមិនសូវមានលទ្ធផល
មុនពេលបញ្ចប់មតិសំណេះសំណាល ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានសំណូមពរឱ្យនិស្សិតទាំងអស់ប្រែក្លាយខ្លួនទៅជាពលរដ្ឋគំរូ តាមរយៈទិដ្ឋភាព៥៖
ទី១. ធ្វើជាពលរដ្ឋសាកលប្រកបដោយចំណេះដឹងទូលំទូលាយ
ទី២. ធ្វើជាពលរដ្ឋបៃតងប្រកបដោយទំនួលខុសត្រូវលើបរិស្ថានជុំវិញខ្លួន
ទី៣. ធ្វើជាពលរដ្ឋសាកលរឹងមាំតាមរយៈកិច្ចសហប្រតិបត្តិការ
ទី៤. ធ្វើជាពលរដ្ឋវិទ្យាសាស្រ្តនិងនវានុវត្តន៍តាមរយៈការរៀនរបស់ថ្មីៗជានិច្ច
ទី៥. និងធ្វើជាពលរដ្ឋនៃប្រជាជាតិខ្មែរ តាមរយៈការរក្សាអត្តសញ្ញាណខ្មែរ វប្បធម៌ និងអរិយធម៌
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងនូវគតិដ៏សំខាន់មួយជូនអង្គពិធីទាំងថា «ការជំរុញនិងលើកកម្ពស់គុណភាពនិងគុណវុឌ្ឍិវិទ្យាសាស្រ្តនៅក្នុងវិស័យសិក្សាស្រាវជ្រាវ នឹងចូលរួមវិភាគទានដ៏ចម្បងក្នុងការរុញច្រានឱ្យខឿននៃវិស័យអប់រំមានការរីកចម្រើនស្របតាមបរិបទសាកល និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន»៕ រក្សាសិទ្ធដោយ៖សុទ្ធលី





