កណ្តាល ៖ ប្រជាពលរដ្ឋ ក៏ដូចសាធារណជនជាច្រើន បាននាំគ្នាភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង នៅពេលដែលដឹងថា ទីតាំងបន្សាបគ្រឿងកែប្រែមានមួយកន្លែង ជារបស់រដ្ឋសោះ ស្រាប់តែយកថ្លៃសេវាខ្ពស់ដល់ទៅ ១លាន៦០ម៉ឺនរៀល នៅពេលដែល ឪពុកម្ដាយ ឬអាណាព្យាបាល យកកូនចៅ ឬអ្នកញៀនថ្នាំ ទៅបន្សាបគ្រឿងញៀន កែប្រែ ហ្វឹកហាត់ នៅទីនោះ និងកំណត់រយៈពេលត្រឹម ៦ខែប៉ុណ្ណោះ និងទារលុយសេវាផ្សេងៗច្រើនទៀត ដូចជា ថ្លៃចេញ-ចូលសួរសុខទុក្ខ ចន្លោះ ២ម៉ឺនរៀល ទៅ ៦ម៉ឺនរៀន , នោះគឺ ” មណ្ឌលយុវនីតិសម្បទា ” អ្នកខ្លះហៅថា មជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនិតិសម្បទា ភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដា។
” មណ្ឌលយុវនីតិសម្បទា ” មួយនេះ ជាកន្លែងបន្សាបគ្រឿងញៀន កែប្រែ គំរូមួយរបស់រដ្ឋ ត្រូវបានស្ថាបនា ជួសជុល កែលម្អ រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ តាំងពីអំឡុងចុងឆ្នាំ២០២១ ជំនាន់ លោក វង សូត នៅជា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយពិធីសម្ពោធធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ដែលកាលណោះ នៅជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ស្ដីពីការយកលុយថ្លៃសេវាខ្ពស់ និងលុយថ្លៃចេញ-ចូលជួបអ្នកកែប្រែនៅក្នុងមណ្ឌលនេះវិញ, បើតាមប្រជាពលរដ្ឋ ដែលមានបទពិសោធន៍ចេញ-ចូលនៅទីនេះ បានផ្ដល់ព័ត៌មាន ឱ្យសារព័ត៌មាន CEN ដឹង នៅប៉ុន្មានថ្ងៃមុននេះថា បើឪពុកម្ដាយ ឬអ្នកណាព្យាបាលណា យកកូនចៅ ដែលមានជាប់សារធាតុញៀន ឬញៀនគ្រឿងញៀន ថ្នាំញៀន ទៅផ្ញើមណ្ឌលនេះ គឺ ” មណ្ឌលយុវនីតិសម្បទា ” ហ្នឹងឯង, ដើម្បីធ្វើការកែប្រែបន្សាបគ្រឿងញៀន និងហ្វឹកហាត់ការងារផ្សេងៗ ច្បាស់ជា ត្រូវត្រៀមលុយឱ្យច្រើនបន្តិចទៅ គឺ ត្រូវបង់ថ្លៃសេវាដាក់មនុស្សចូល ១លាន៦០ម៉ឺនរៀល ប្រហាក់ប្រហែលស្មើនឹង ៤០០ដុល្លារអាមេរិក ដោយកំណត់រយៈពេលកែប្រែនៅទីនេះ ត្រឹមតែ ៦ខែប៉ុណ្ណោះ, ហើយពេលចេញ-ចូល សួរសុខទុក្ខ អ្នកកែប្រែនៅក្នុងមណ្ឌលនេះ ត្រូវធ្វើសំបុត្របង់លុយ ២ម៉ឺនរៀលទៀត ជាប្រចាំ រាល់ពេលចេញ-ចូល ម្ដងៗ។
ចំណែក កូនចៅប្រជាពលរដ្ឋ ឬយុវជនណាមួយ ដែលសមត្ថកិច្ចចាប់យកពីកន្លែងជក់គ្រឿងញៀន ឬឆែកឃើញមានសារធាតុញៀន ហើយយកមកដាក់កែប្រែ ឬបន្សាបគ្រឿងញៀននៅទីនេះ ត្រូវធ្វើសំបុត្រចេញ-ចូលសួរសុខទុក្ខ បង់ថ្លៃ ៦ម៉ឺនរៀល, ដូច្នេះមានន័យថា សាច់ញាតិ អ្នកបន្សាបគ្រឿងញៀន រាល់ពេលចេញ-ចូល ម្ដងៗ ត្រូវចំណាយលុយ ចន្លោះ ២មឺនរៀល ទៅ ៦ម៉ឺនរៀល, ពិតជាមិនធម្មតា ចុះប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ទៅរកលុយនៅឯណាបាន។
ប្រជាពលរដ្ឋដែលមានសាច់ញាតិ ចូលបន្សាបគ្រឿងញៀន និងកែប្រែ នៅទីតាំងមជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនិតិសម្បទា បានអះអាងថា គាត់បានទៅជួបផ្ទាល់ជាមួយអ្នកប្រចាំការនៅទីនោះរួចហើយ, គាត់ថា រូបគាត់នៅរាជធានីភ្នំពេញ មានបំណងយកកូនមកដាក់ផ្ញេីនៅមជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនិតិសម្បទា មួយនេះ ដេីម្បីបន្សាបគ្រឿងញៀន ព្រោះគិតថា ទីតាំងនេះ ជារបស់រដ្ខ ដែលគ្រប់គ្រងដោយ ក្រសួងសង្គមកិច្ច អតតីយុទ្ធជន យុវនិតិសសម្បទា, សង្ឃឹមថា ត្រូវចំណាយតិច ប៉ុន្តែនៅពេលចូលទៅសួរផ្ទាល់ អ្នកប្រចាំការប៉ុស្តិ៍យាមច្រកចូលខាងក្នុង បានឆ្លើយប្រាប់ដូចៗគ្នាថា ត្រូវចំណាយលុយ ១លាន៦០ម៉ឺនរៀល រយៈពេលពេញ៦ខែ ហើយសាច់ញ្ញាតិ បេីចង់ចូលសួរសុខទុក្ខ ត្រូវធ្វើប័ណ្ណចេញ-ចូល អស់ប្រមាណ២ម៉ឺនរៀលទៀត, និងចេញចូលសួរសុខទុក្ខម្តង ត្រូវចំណាយ២ម៉ឺនរៀលជាប្រចាំផងដែរ ហើយបើចង់យកជនរងគ្រោះទៅវិញ ពេលណាក៏បាន, ពលរដ្ឋអះអាងថា តម្លៃនេះ ថ្លៃជាងសេវាឯកជនទៅទៀត។
ពលរដ្ឋប្រាប់ទៀតថា ចំពោះតម្លៃធ្វើប័ណ្ណចេញចូលសួរសុខទុក្ខនេះវិញ ប្រសិនបេីជនរងគ្រោះគ្រឿង ដែលត្រូវបានសមត្ថកិច្ចចាប់បញ្ជូនយកមកដាក់បន្សាបនៅទីតាំងនេះ នៅពេលក្រុមគ្រួសាររកឃើញ និងចង់ទៅសួរសុខទុក្ខ ត្រូវធ្វើប័ណ្ណមួយ តម្លៃ ៦ម៉ឺនរៀល សុំបន្ធូរថ្លៃ ក៏មិនចុះដែរ។
ពេលនេះ ក្រសួងសង្គមកិច្ច អតតីយុទ្ធជន យុវនិតិសសម្បទា ស្ថិតក្រោមការគ្រប់គ្រងរបស់ ឯកឧត្តម ជា សុមេធី ជារដ្ឋមន្ត្រី , ប្រជាពលរដ្ឋសំណូមពរ ថា មេត្តាជួយពិនិត្យបញ្ហាខាងលេីនេះផង។ ព័ត៌មាននេះ CEN មិនបន្ទុះបង្អាប់ ឬស្ដីបន្ទោសនរណាឡើយ គ្រាន់តែជូនដំណឹងទៅថ្នាក់លើ នៃក្រសួងពាក់ព័ន្ធប៉ុណ្ណោះ ឱ្យជួយពិនិត្យមើល បើមានការយកថ្លៃដូចរៀបរាប់ខាងលើមែន សូមជួយពិនិត្យឡើងវិញ និងធ្វើការកែសម្រួលផង៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN











