ភ្នំពេញ ៖ ប្រភពព័ត៌មាន ដែលសារព័ត៌មាន Cambodia Express News ( CEN ) ទទួលបានគួរឱ្យព្រួយបារម្ភ និងរន្ធត់ចិត្តផងដែរនោះ បង្ហាញឱ្យដឹងថា រយៈពេលថ្មីៗនេះមាន លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន មុខងារជាមន្ត្រីជំនួយការ នៅនាយកដ្ឋានផែនការ នៃអគ្គនាយកដ្ឋានសម្ភារៈ ក្រសួងការពារជាតិ បានប្រើប្រាស់អាវុធខ្លី គំរាមសម្លាប់ភរិយា និងកូនស្រីតូចរបស់ខ្លួន ជាថ្នូរនឹងការឱ្យបើកមុខរបរ ហាងលក់គ្រឿងអលង្ការមាស-ពេជ្រ ទិញរថយន្ត រែងរ៉ូវើរ ស៊េរីទំនើបឱ្យខ្លួន… ជាដើម ។ល។
លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាស្របច្បាប់របស់លោក កាលអំឡុងឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៥នេះ ចំណងអាពាហ៍ពិពាហ៍បាន ៣ឆ្នាំហើយ មានកូនស្រីតូចម្នាក់។ តាមប្រភពថា ការគំរាមសម្លាប់ភរិយា និងកូនស្រីតូចនេះ គឺ លោកវរសេនីយ៍ទោ (ស័ក្ដិ៤កន្លះ) ប៉ែន រ៉ាលីន មិនខ្លាចញញើតច្បាប់ក្នុងប្រទេសកម្ពុជាទេ , លោកថា សម្លាប់ម្ដាយ និងកូនហើយ យ៉ាងខ្លាំងលោកគេចខ្លួនទៅរស់នៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ពីព្រោះលោកមានសញ្ជាតិអាមេរិកស្រាប់ ចេញ-ចូលស្រួល។
ភស្តុតាងគំរាមសម្លាប់ប្រពន្ធ និងកូនស្រីតូច ព្រមទាំងការធ្វើទុក្ខបុកម្នេញផ្លូវចិត្ត ត្រូវបានប្រភពបង្ហាញ Cambodia Express News ( CEN ) ថា មានរូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាពបញ្ជាក់ការពិតស្រាប់ និងឯកសារ វត្ថុតាងមួយចំនួន ដែលភរិយាបានប្រមូលទុកដាក់យ៉ាងត្រឹមត្រូវ, ហើយមួយវិញទៀត ឥរិយាបថ ដែលគួរឱ្យជឿទុកចិត្តថា លោកវរសេនីយ៍ទោ (ស័ក្ដិ៤កន្លះ) ប៉ែន រ៉ាលីន អាចនឹងឈានទៅដល់កម្រិតដែលប្រភពលើកឡើងនោះ គឺត្រង់ថា លោកម្នាក់នេះដឹងខ្លួនថា មានជាប់កាយវិការសកម្មភាពក្នុងកាមេរ៉ាវីដេអូសុវត្ថិភាពនោះ ក៏ដោះកាមេរ៉ាចេញពីក្នុងផ្ទះអស់តែម្ដង… ប៉ុន្តែយ៉ាងណា ក៏នៅជាប់សកម្មភាពពីមុនមកខ្លះដែរ ដែលអាចឱ្យមន្ត្រីនគរបាលយុត្តិធម៌អាចដំណើរការផ្លូវច្បាប់បាន។
តាមប្រភពគួរឱ្យទុកចិត្ត បានបញ្ជាក់ថា កាំភ្លើងខ្លី ដែល លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ប្រើប្រាស់ដាក់តាមខ្លួនប្រចាំថ្ងៃនេះ ត្រូវបានទិញមកពីប្រទេសថៃ មានលោកឧត្តមសេនីយ៍ទោម្នាក់ ឈ្មោះ ហៀង សម្បត្តិ ជាអ្នកជ្រោមជ្រែង សម្របសម្រួលទាំងការទិញ និងសម្របសម្រួលទាំងការធ្វើសំបុត្របេសកកម្មពីមេផ្នែករបស់ខ្លួន ដើម្បីបានប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួន។
ទាក់ទងនឹងការប្រើប្រាស់កាំភ្លើងខ្លីដាក់តាមខ្លួនប្រចាំថ្ងៃនេះ ប្រភពពីមន្ត្រីយោធិន បានប្រាប់ឱ្យដឹងថា គ្រប់មន្ត្រីយោធិន ដែលអាចមានសិទ្ធិកាន់កាប់ គ្រប់គ្រង អាវុធខ្លី ប្រចាំថ្ងៃផ្ទាល់ខ្លួនបាន គឺទាល់តែមន្ត្រីនោះ មានឋានន្តរស័ក្ដិ ចាប់ពី ស័ក្ដិ ៥ ឡើងទៅ។ ដូច្នេះ បើនិយាយចំពោះ លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន វិញ មិនទាន់ដល់កម្រិត ឋាន: មានសិទ្ធិកាន់កាប់ គ្រប់គ្រង ប្រើប្រាស់អាវុធខ្លីប្រចាំថ្ងៃ ផ្ទាល់ខ្លួននោះទេ, វៀរលែងតែ មានបេសកកម្មចាំបាច់ ឬបេសកកម្មណាមួយ ដែលមេផ្នែករបស់ខ្លួន ត្រូវចេញសំបុត្រឱ្យប្រើប្រាស់ក្នុងរយៈពេលបំពេញការងារតែប៉ុណ្ណោះ ផុតការងារ ឬផុតបេសកកម្ម ត្រូវរៀបចំទុកដាក់អាវុធចូលក្នុងឃ្លាំងវិញ។
ទាក់ទិននឹងករណីមន្ត្រីយោធិនប្រើប្រាស់អាវុធខ្លីផ្ទាល់ខ្លួននេះដែរ សារព័ត៌មាន Cambodia Express News ( CEN ) បានទាក់ទងសុំការបំភ្លឺពី ឯកឧត្តម ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដើម្បីបានជ្រាបពីករណីនេះ ប៉ុន្តែឯកឧត្តម បានឃើញសារបញ្ជូនរបស់ CEN ហើយ, ឯកឧត្តម ពុំមានយោបល់ ឬបំភ្លឺយ៉ាងណានោះទេ។
ចំណែក លោកឧត្តមសេនីយ៍ទោ ហៀង សម្បត្តិ , CEN បានទាក់ទងស្នើសុំឱ្យលោកជួយបំភ្លឺជុំវិញ ការរាប់អានរវាងរូបលោក និងលោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ផងដែរ ថាតើ លោកឧត្ដមសេនីយ៍ មានបានជួយជ្រោមជ្រែង សម្របសម្រួល លោក ប៉ែន រ៉ាលីន ទៅទិញកាំភ្លើងខ្លីនៅប្រទេសថៃដែរទេ ? ហើយថា តើ លោកឧត្ដមសេនីយ៍ មានបានជួយជ្រោមជ្រែងរឿងធ្វើសំបុត្របេសកកម្មពីមេផ្នែក ឱ្យ លោក ប៉ែន រ៉ាលីន ប្រើប្រាស់ដែរទេ ? យើង ពុំទទួលបានការឆ្លើយបំភ្លឺ បកស្រាយ យ៉ាងណានោះឡើយ។
ករណីនេះ យើង Cambodia Express News ( CEN ) បានទាក់ទងទៅកាន់ លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ផ្ទាល់តែម្ដង សុំការបំភ្លឺពីលោក ថាតើ មានបានគំរាមកំហែងសម្លាប់ភរិយា និងកូនស្រីតូច ហើយរត់ទៅអាមេរិក ដូចប្រភពខ្លះបានលើកឡើងដែរទេ ? លោក ប៉ែន រ៉ាលីន បញ្ជាក់ដោយខ្លីថា អត់បានធ្វើបែបនេះទេ… ហើយលោកបានរុញយើង CEN ទៅសួរមេធាវីរបស់លោកចុះ។
រីឯលោកមេធាវីទៀតសោត , CEN បានឆាតសំណួរតាមតេឡេក្រាម សូមឱ្យលោកជួយពន្យល់បកស្រាយរឿងនេះ ថាតើមានហេតុភេទ យ៉ាងម៉េចខ្លះ ? លោកមេធាវីបានឃើញឆាតបញ្ជូនសារជាសំណួររបស់ CEN ហើយ ប៉ុន្តែមិនបានឆ្លើយតបអ្វីនោះទេ។
ឥឡូវនេះ រឿងគំរាមសម្លាប់ភរិយា និងកូនស្រីតូច សារព័ត៌មាន Cambodia Express News ( CEN ) សូមបង្ហាញប៉ុណ្ណឹងសិនចុះ លើកក្រោយចាំលម្អិតតទៅទៀត។ យើងពិនិត្យមើលទាំងអស់គ្នា នូវភារកិច្ច កាតព្វកិច្ច និងឥរិយាបថរបស់យោធិនវិញ មានវិន័យតឹងរ៉ឹង ម៉ឺងម៉ាត់ ណាស់ មិនមែនចេះតែប្រើប្រាស់អាវុធផ្ដេសផ្ដាស ជះពាក្យសម្ដី កាយវិការគំរាមកំហែងប្រជាពលរដ្ឋឬភរិយា ឬក៏សមាជិកក្រុមគ្រួសារ យ៉ាងដូច្នេះទេ។
បើនិយាយពី អនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្ដីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទវិញ, ត្រង់ មាត្រា ៦ : ស្ដីពី ករណីយកិច្ច និងការទទួលខុសត្រូវរបស់យោធិន បានចែងថា យោធិនគ្រប់រូប មានករណីយកិច្ច ក្នុងនាមជានាយឱ្យបញ្ជាផង និងក្នុងនាមជាអ្នកក្រោមបង្គាប់ ទទួលបញ្ជាផង, ហើយយោធិន ត្រូវមានកាតព្វកិច្ចរួម ដូចតទៅ : គោរពបញ្ជា ទទួលស្របតាមកំណត់ច្បាប់ , មានសេចក្ដីទៀងត្រង់ ថ្លៃថ្នូរ ប្រតិបត្តិតាមបទបញ្ជាយោធា , រក្សាការណ៍សម្ងាត់អំពីកិច្ចការយោធា , បំពេញការងារក្នុងកងឯកភាព ត្រូវខិតខំប្រតិបត្តិការងារ , ខំប្រឹងហ្វឹកហាត់ដើម្បីប្រសិទ្ធភាពការងារ , ត្រៀមកម្លាំងកាយ កម្លាំងចិត្ត ក្នុងការប្រយុទ្ធ ពេលទទួលបញ្ជាតាមឋានានុក្រម នៃក្រសួងការពារជាតិ និងប្រមុខរាជរដ្ឋាភិបាល។
អត្ថន័យនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា មន្ត្រីយោធា ឬកងយោធពលខេមរភូមិន្ទ មិនត្រូវយក ឋានៈ តួនាទី ឬក្នុងនាមជាយោធា ទៅសំឡុតគំរាមកំហែងប្រជាពលរដ្ឋ ឬភរិយា ឬក៏សមាជិកក្រុមគ្រួសារនោះឡើយ។
ទាក់ទងនឹងការ កាន់កាប់ គ្រប់គ្រង និងសិទ្ធិប្រើប្រាស់អាវុធខ្លីប្រចាំមន្ត្រីយោធិនវិញ , យោងតាមច្បាប់ ស្ដីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ , មាត្រា ១១ បានចែងថា មន្ត្រីយោធិន ដែលអាចទទួលប័ណ្ណសម្គាល់សិទ្ធិ ប្រើប្រាអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវរបស់អង្គភាព លុះត្រាណា តែមានបេសកកម្មចាំបាច់ ឬពេលចុះបំពេញការងារណាមួយ ដែលមេផ្នែកតម្រូវឱ្យ , ផុតការងារ និងបេសកកម្ម ហើយមិនមានការបញ្ជាក់អំពីកាតព្វកិច្ចបន្ថែមទៀតទេ តម្រូវឱ្យយកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ទៅរក្សាទុកក្នុងឃ្លាំងវិញ។ ដូច្នេះ តើមេផ្នែកមួយណាទៅ ចេញសំបុត្របេសកកម្មឱ្យ លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ប្រើប្រាស់ប្រចាំផ្ទាល់ខ្លួនយ៉ាងនេះ ? ហើយអត់ឃើញចុះបេសកកម្មបំពេញការងារអ្វីផង ឃើញតែនៅផ្ទះ និងដើរលេងក្រៅប្រទេសតែប៉ុណ្ណោះ។
ក្នុងមាត្រា ១១ នៃច្បាប់ ស្ដីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដដែល បានចែងទៀតថា គោរពនិតិវិធី និងលក្ខខណ្ឌស្ដីពីការសុំប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ត្រូវកំណត់ដោយអនុក្រឹត្យ ពោលគឺ អនុញ្ញាតសិទ្ធិដោយនាយករដ្ឋមន្ត្រី តើលោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ត្រូវបាន នាយករដ្ឋមន្ត្រី អនុញ្ញាតសិទ្ធិឱ្យប្រើប្រាស់អាវុធប្រចាំថ្ងៃផ្ទាល់ខ្លួនហើយឬនៅ ?
ត្រង់នេះ សាធារណជន សូមទទូចស្នើដល់មេផ្នែក ជាពិសេស ឯកឧត្តម ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមមេត្តាអនុវត្តច្បាប់ទម្លាប់ប្រើប្រាស់អាវុធ ឱ្យបានមឺងម៉ាត់ តឹងរឹងផង ចំពោះមន្ត្រីយោធិនប្រើប្រាស់អាវុធផ្ដេសផ្ដាស ដូចជា ការដាក់អាវុធតាមខ្លួនជាប់ជាប្រចាំជាដើម៕ រក្សាសិទ្ធដោយ៖CEN





