អនុសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុង “ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ” នៅខេត្តសៀមរាបនា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
១. សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា សហការជិតស្និទ្ធ ជាមួយ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តធ្វើការកែទម្រង់ ប្រព័ន្ធអភិវឌ្ឍមូលធនមនុស្សជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើ ចំណេះដឹង ជំនាញ និង បំណិនពាក់ព័ន្ធនឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) សំដៅពង្រីកឧត្តមភាពប្រកួតប្រជែង និង ពង្រឹងភាពប្រកួត ប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា, ទាំងនៅកម្រិតតំបន់ និង សកល។
២. សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា បន្តលើកកម្ពស់ គុណភាពអប់រំ ដោយចាប់ផ្តើមពីការលើកកម្ពស់គុណភាពគ្រូ គុណភាពនាយក សាលា ផ្តោតលើវិធីសាស្ត្របង្រៀន និង ត្រូវបំពាក់សម្ភារ:បរិក្ខារឱ្យបានសមស្រប សម្រាប់ការអប់រំ និង ការបង្ហាត់បង្រៀនឱ្យស្របទៅនឹងចក្ខុវិស័យ នៃការអប់រំ សតវត្សរ៍ទី ២១។
៣. សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បន្ត ធ្វើទំនើបកម្មកម្មវិធីអប់រំ ឱ្យស្របតាម ក្របខ័ណ្ឌគុណវុឌ្ឍជាតិ និង ស្តង់ដាអន្តរ ជាតិ សំដៅឱ្យឆ្លើយតបទៅនឹងទីផ្សារការងារ និង មុខរបរ ក្នុងបរិបទសង្គមឌីជីថល និង បដិវត្តន៍ឧស្សាហកម្ម ៤.០។
៤. សម្តេចបវរធិបតី លើកទឹកចិត្តឱ្យសាស្រ្តាចារ្យទាំងអស់បន្តខិតខំអភិវឌ្ឍសមត្ថភាព ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗ ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការ អនុវត្ត និង ឧត្តមានុវត្តន៍។
៥. សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ ប្អូនៗជ័យលាភីទាំងអស់ ត្រូវបន្តអភិវឌ្ឍចំណេះ ដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ និង ការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថល។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងចែករំលែកនូវបទពិសោធន៍ជាក់ស្ដែងដែលសម្តេចបានជួប ដើម្បីជាគុណវឌ្ឍិបន្ថែមសម្រាប់និស្សិត បញ្ញាវ័ន្តយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ទាំងក្នុងការសិក្សា និងក្នុងកិច្ចការងារ។
ក្នុងនោះ សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមជានាយករដ្ឋមន្ត្រី មិនខុសប្លែកអ្វីពីបងប្អូននោះទេ គ្រាន់តែខ្ញុំមានទំនួលខុសត្រូវលើការងារច្រើនជាងបងប្អូន ហើយការប្រឈមនឹងការងារនេះ បងប្អូនក៏នឹងជួបផងដែរ…។ អ្វីដែលសំខាន់នៅពេលដែលបងប្អូនជួបបញ្ហា សូមកុំបោះបង់ ត្រូវព្យាយាមរកដំណោះស្រាយ ហើយត្រូវធ្វើជាមនុស្សខ្វះកន្លះកែវពេញទឹក ជាងធ្វើជាមនុស្សទឹកពេញកែវ..»។
បន្ថែមពីនេះ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា កុំខ្លាចថាគេនឹងបំពានយើង សំខាន់តើយើងព្រមឱ្យគេបំពានឬទេ ហើយពេលគេបំពានកុំអង្គុយកើតទុក្ខ ត្រូវព្យាយាមធ្វើការងាររបស់ខ្លួនឱ្យបានល្អ បញ្ចេញស្នាដៃរបស់ខ្លួន នេះហើយជាការប្រកាន់ទស្សនៈវិជ្ជមាន។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កុំគិតតែពីបញ្ហា តែរកដំណោះស្រាយ ហើយអ្វីដែលសំខាន់នោះ ត្រូវរៀបចំគោលដៅឱ្យបានច្បាស់លាស់ ត្រូវតែជាទិសដៅវិជ្ជមាន ជាពិសេសប្រែក្លាយរឿងអវិជ្ជមានទៅជាថាមពលសម្រាប់យើងឱ្យខ្លាំងជាងមុន ហើយកុំចាប់អារម្មណ៍លើសម្ដីវាយប្រហារយើង ពីព្រោះលទ្ធផលជាអ្នកបង្ហាញពីការខំប្រឹងរបស់យើង៕រក្សាសិទ្ធដោយ៖សុទ្ធលី





























