រាជធានីភ្នំពេញ : ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួម វេទិកាអនាគតអាស៊ាន លើកទី២ នៅប្រទេសវៀតណាម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុងវេទិកាអនាគតអាស៊ានលើកទី២ នៅទីក្រុងហាណូយ នៅថ្ងៃទី២៥-២៦ ខែ កុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
វេទិកាដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ការកសាងអាស៊ានប្រកបដោយការរួបរួម បរិយាបន្ន និងភាពធន់ ក្នុងបរិបទនៃបរិវត្តកម្មសាកល នឹងប្រមូលផ្តុំថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកតាក់តែង គោលនយោបាយ អ្នកជំនាញ និងអ្នកអនុវត្ត ចូលរួមក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ ដើម្បីពិភាក្សាលើ បញ្ហាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់អនាគតរបស់អាស៊ាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថានៅក្នុងវេទិកានេះលើប្រធានបទ “ការពិនិត្យ ឡើងវិញនូវគោលការណ៍គ្រឹះរបស់អាស៊ាន៖ ការត្រៀមលក្ខណៈសម្រាប់ការប្រឈមនាពេលអនាគត”។
ក្នុងឱកាសចូលរួមវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងមានជំនួប ទ្វេភាគីដាច់ដោយឡែកជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពិភាក្សាអំពីការធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៊ីជម្រៅថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី




