Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធខួបលើកទី២៦នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព» ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានក្តីសោមនស្សរីករាយក្រៃលែង សូមថ្លែងនូវសារលិខិត ដើម្បីរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់រងផលប៉ះពាល់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្ក ឡើងដោយសារគ្រាប់ទាំងនោះ។

សង្គ្រាមបានបន្សល់ទុកនូវមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាល ឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏ ឈឺចាប់ និងបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍក្រោមនយោបាយ ឈ្នះ-ឈ្នះ នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពដោះស្រាយនូវ ផលអវិជ្ជមានលើគ្រប់វិស័យ។ ជាមួយគ្នានេះ សមិទ្ធផលទាក់ទងនឹងសកម្មភាពមិន បានចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ៣ ២៩៧គីឡូម៉ែត្រ ការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន៤ភាគរយ និងផ្សេងៗមាន១៥ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណជាង១០លាននាក់។ មិនប្រឆាំង មនុស្សចំនួន១ ១៩៧ ២១៨គ្រាប់ មិនប្រឆាំងរថក្រោះចំនួន២៦ ៥៦៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ១៩៦ ៧០៤គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ដោយឡែក នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ផ្ទៃដីចំនួន ២៧៣គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន១៧ ៨៥៣គ្រាប់ មិនប្រឆាំងរថក្រោះចំនួន២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៩១ ១១១គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤៩នាក់ ក្នុងឆ្នាំ២០២៤។

មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ជោគជ័យ ដ៏ត្រចះត្រចង់នេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការឈានទៅ សម្រេចគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម» ដើម្បី អាចធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់ គ្រប់ទីកន្លែង។

ក្នុងឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបង្កើតគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានការចូលរួម ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសប្បុរសជននានា។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលបាន បង្កើត «មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥» ដើម្បីដោះស្រាយបញ្ហាមីន រំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឈានទៅលុបបំបាត់ទាំងស្រុងនូវជនរងគ្រោះថ្នាក់និងសហគមន៍រងផលប៉ះពាល់ ដោយសារមីន តាមរយៈការអនុវត្តយន្តការភូមិអស់មីន ដោយចាប់ផ្តើមធ្វើការបោសសម្អាតមីនឱ្យអស់ពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។ ចាប់ពីឆ្នាំ២០២២ យើងបានប្រកាសរាជធានី ខេត្តចំនួន១៥ ជារាជធានី ខេត្តអស់មិន រួមមានខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

ចាប់តាំងពីយើងចាប់ផ្តើមស្តារការរស់ឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានកំណត់យក សកម្មភាពមីន ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងផែនការយុទ្ធសាស្ត្រ ជាតិសំខាន់ៗ។ ដោយមើលឃើញពីសារៈសំខាន់នេះ និងដើម្បីជាការចូលរួមចំណែកជាប្រទេសគំរូមួយក្នុងតំបន់ និងពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះ ចូលជាគោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងដាក់បញ្ចូលជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានអញ្ជើញ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៥។ នាសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំក៏បានថ្លែង – បន្ថែមពីលើ កាលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខ័ណ្ឌសកល កម្ពុជាក៏បានបន្ថែមគោលដៅដោយឡែករបស់ខ្លួន ទាក់ទងនឹងសកម្មភាពមីន។ ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្តផ្តល់ការគាំទ្រទាំង ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើសកម្មភាពមីនបន្ថែមទៀត។ យើងក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបាន កាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ដើម្បីបញ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាឃាតករលាក់មុខ និងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ បើទោះបីជាសង្គ្រាមប្រជាប់អាវុធ បានបញ្ចប់ក្តី»។

ទោះបីកម្ពុជាជាប្រទេសមួយធ្លាប់បានឆ្លងកាត់ និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំង ប្រឈមនឹងបញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការ រាប់ពាន់នាក់ ក៏កម្ពុជានៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីន ទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួន ដើម្បីចូលរួមចំណែកសម្រាល ទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាប្រទេស ស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ីប ប្រទេសយេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។ ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលាន យន្តហោះ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗដល់ប្រជាជន ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។ រយៈពេលជាង១៨ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន៩ ៨២៤នាក់ ក្នុងនោះ នារី៨៥៧នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុសន្តិភាពនេះហើយ ទាហាន មួកខៀវទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែល បានជួយផ្តល់នូវស្ថិរភាពមួយផ្នែកក្នុងពិភពលោក។

ក្នុងកម្រិតអង្គការសហប្រជាជាតិ ក្នុងនាមជារដ្ឋភាគីសកម្មនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (ហៅកាត់ អនុសញ្ញាអូតាវ៉ា) ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលមាន៤៥ប្រទេសចូលរួម។ ទន្ទឹមនឹងនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបានធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដោយទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានសមាសភាពចូលរួមសរុបចំនួន៩៨៣នាក់ ពីជាង១០០ប្រទេស និងស្ថាប័នជាតិ អន្តរជាតិជាច្រើនទៀត។

ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតយកឱកាសនេះ សម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតជូនចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ប្រតិបត្តិករជាតិ និងអន្តរជាតិ សប្បុរសជន ជាពិសេសកងកម្លាំងដោះមីន ដែលបានខិតខំចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងកិច្ចការបោសសម្អាតមីនលក្ខណៈមនុស្សធម៌នេះ ដែលទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានចាត់ទុកសកម្មភាព បោសសម្អាតមីន ជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព ការជំរុញ ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានមីនចំនួន៣៤៨គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន១ ២២៨,៧គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីសម្រេចឱ្យបានតាមគោលដៅថ្មីគឺ «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម»។ ជាមួយគ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលយើងត្រូវតែយកចិត្តទុកដាក់។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០-។

ឆ្លៀតក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមធ្វើការអំពាវនាវដូចតទៅ៖

ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈ សកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធី សិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាអាទិ៍តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តបណ្ណនានា។

ទី២- អាជ្ញាធរមីនត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំនិងទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំង រៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ដែលរង ផលប៉ះពាល់ និងឥរិយាបថរបស់ជនងាយរងគ្រោះ។

ទី៣- ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។

ទី៤- អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ គួរបន្តកៀរគរធនធាន ប្រកបដោយនវានុវត្តន៍ ជាពិសេសបន្តជំរុញការចូលរួមពីវិស័យឯកជននិងសប្បុរសជន ក្នុងដំណើរ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏សូមអំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមអនុវត្ត ដូចខាងក្រោម៖

ក្នុងករណីបើបងប្អូន កូនក្មួយឃើញមីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់អាយុជីវិត ហើយ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតបំផុត

ហាមទិញ លក់ រក្សាទុក កែច្នៃមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាអំពើខុសច្បាប់

កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថាមានមីន គ្រាប់បែកចង្កោម និង សំណល់ជាតិផ្ទុះពីសង្គ្រាម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×