ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដោយឥតគិតថ្លៃ ជាង ៨ពាន់នាក់ នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំ ចុងកាល់ ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យនឹងទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ១ឆ្នាំម្តង ឬយ៉ាងហោច ២ឆ្នាំម្តង ពីសំណាក់ក្រុមគ្រូពេទ្យឯកទេសជំនាញៗ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នៅលើទឹកដីខេត្តឧត្តរមានជ័យ។
ការចុះពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យ TYDA ប្រៀបដូចជាការយកមន្ទីរពេទ្យថ្នាក់ជាតិមកពិនិត្យដូច្នេះដែរ ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺ ដូចជាជំងឺ៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាល សុខ ភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាព របស់ ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះនិងមិនមានការបង់ថ្លៃអ្វីទាំងអស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



















