ខេត្តកំពង់ចាម: “ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តកំពង់ចាមជាមួយនឹងស្ថានទូតប្រទេសចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលខាងមុខនិងបង្កើតឃ្លាំងដ៏ធំមួយសម្រាប់ ដាក់នៅផលិតផលកសិកម្មកសិឧស្សាហកម្មសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់តែម្ដងនេះ” ជាការលើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនាព្រឹកថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មរុក្ខាប្រមាញ់និងនេសាទឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៏ការងារឆ្នាំ២០២៥ ដោយធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្មខេត្តតែម្ដង។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា: តាមការកត់សម្គាល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ៦២% នៅទូទាំងប្រទេសបានប្រកបរបរកសិកម្មដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។សម្រាប់ខេត្តកំពង់ចាមនៅក្នុងឆ្នាំ២០២៤ ទទួលបានប្រាក់ចំណូលពីវិស័យកសិកម្ម កសិឧស្សាហកម្មប្រមាណ២៦៥៧លានដុល្លារ ជាមួយនោះនឹងត្រូវបន្តខិតខំរកប្រាក់ចំណូលឲ្យកើនឡើងខ្ពស់ជាងនេះបន្ថែមទៀត។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍បន្តថា បើតាមប្រាក់ចំណូលប្រជាពលរដ្ឋម្នាក់ៗទទួលបានប្រចាំឆ្នាំកើនដល់២៣១៥ដុល្លារ បើប្រៀបធៀបជាមួយនឹងបណ្ដាខេត្តផ្សេងទៀត ដែលគេទទួលបានជាង១០០០ដុល្លារប៉ុណ្ណោះ។ ដើម្បីលើកកម្ពស់វិស័យកសិកម្មឲ្យកាន់តែមានការរីកចម្រើនធំធាត់ដែលទាមទារឲ្យប្រជាកសិករទទួលបានការបណ្ដុះបណ្ដាលនៅបច្ចេកទេសកាន់តែទំនើបឡើងតាមរយៈមន្ត្រីជំនាញរបស់មន្ទីរកសិកម្មដែលបានចុះបង្ហាត់បង្រៀនដល់ពួកគាត់ កត្តានេះនឹងធ្វើឲ្យប្រសើរឡើងនៅកំណើនសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាម។ ជាមួយនោះមន្ត្រីជំនាញកសិកម្មត្រូវតែឧស្សាហ៍ចុះសហការជាមួយនឹងអាជ្ញាធរតាមបណ្ដាស្រុកក្រុងទាំង១០នៅក្នុងខេត្តកំពង់ចាម ក្នុងនោះមានតាមរយៈមន្ត្រីកសិកម្មមន្ត្រីបរិស្ថានមន្ត្រីធនធានទឹកជាដើម។អ្វីដែលរដ្ឋបាលខេត្តចង់ឃើញនោះធ្វើយ៉ាងណាជំរុញវិស័យកសិកម្មនិងកសិឧស្សាហកម្មក្នុងឆ្នាំ២០២៥ នេះឲ្យបានឡើងដល់២៨០០លានដុល្លារ ឆ្នាំ២០២៦ រំពឹងសេដ្ឋកិច្ចនិងហក់ឡើងដល់៣០០០លានដុល្លារ។ ធ្វើយ៉ាងណាឱ្យប្រទេសដែលមានការអភិវឌ្ឍតិចតួចត្រូវបានដកចេញក្នុងឆ្នាំ២០២៩ និងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងសហគមន៍ផ្ដោតទៅលើវិស័យកសិកម្មដែលមានសារៈសំខាន់។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សារវាងរដ្ឋបាលខេត្តជាមួយស្ថានទូតប្រទេសចិនប្រចាំព្រះរាជាណាចក្រកម្ពុជា គឺបានយកខេត្តកំពង់ចាមបង្កើតជាឃ្លាំងដាក់ផលិតផលកសិកម្មនិងកសិឧស្សាហកម្ម ដែលត្រូវសាងសង់លើផ្ទៃដីប្រមាណ១០០ហិកតាហើយទិន្នផលដែលប្រមូលបានគឺយកមកពីតាមបណ្ដាលខេត្តនានាជាច្រើន។ជាមួយនោះនឹងមានការសួរនាំតម្រូវការពីប្រទេសចិនក្នុងមួយឆ្នាំត្រូវការស្រូវប៉ុន្មានពាន់តោនរួមទាំងតម្រូវការផ្សេងទៀត អ្វីដែលយើងទទួលបានសំណើពីភាគពីចិននោះ មន្ត្រីជំនាញកសិកម្មត្រូវតែដើរតួនាទីសំខាន់ក្នុងការបណ្ដុះបណ្ដាលកសិករធ្វើយ៉ាងណាផលិតផលដែលបានមកត្រូវតាមស្តង់ដារបច្ចេកទេសដែលគេចង់បាន។
មិនយូរទេព្រែកជីកហ្វូណនតេជោស្ថាបនារួចរាល់នោះគឺនឹងមានការនាំចេញទំនិញតាមផ្លូវទឹកនៅចំណុចកំពង់ផែទន្លេបិទ តាមខ្សែទឹកហូរទន្លេមេគង្គដោយនាំចេញផ្ទាល់ទៅកាន់ប្រទេសចិនតែម្ដង។ព្រោះថាកន្លងមកតម្លៃគឺស្ថិតនៅលើមាត់ឈ្មួញកណ្ដាលដែលបានធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្មនិងកសិឧស្សាហកម្មដូចជាធ្វើឲ្យតម្លៃស្រូវចុះថោកជាដើម។ ព្រែកជីកហ្វូណនតេជោគឺជាដង្ហើមសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់សម្រាប់ជួយស្រោចស្រង់ប្រទេសជាតិក្នុងការលើកស្ទួយខឿនសេដ្ឋកិច្ចឲ្យមានការរីកចម្រើនធំធាត់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី














