ភ្នំពេញ ៖ តាងនាម សហគមន៍សកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងនូវការអបអរសាទរ និងរីករាយចំពោះព័ត៌មានវិជ្ជមានទទួលបានពីរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ផ្តល់ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ប្រតិបត្តិករដោះមីនទាំងអស់ ដែលអនុវត្តគម្រោងក្រោមជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តដំណើរការសកម្មភាពរបស់ខ្លួន ស្របតាមគោលដៅ និងផែនការដែលបានគ្រោងទុក ដែលអាជ្ញាធរមីនប្រគល់ជូនសម្រាប់ឆ្នាំ២០២៥ នេះ។
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពាក់ព័ន្ធនឹងជំនួយរបស់អាមេរិក និងសូមថ្លែងអំណរគុណដល់គ្រប់ប្រតិបត្តិករទាំងអស់ដែលបានខិតខំប្រឹងប្រែង និងគាំទ្រដល់អនុសាសន៍របស់សម្តេចធិបតី ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមផែនការរបស់អាជ្ញាធរមីនបានដាក់ចេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






