ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងកម្មករនិយោជិត និងកម្មករនិយោជិតប្រមាណ ៣០ នាក់ នៃសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍បានជួបជុំគ្នាដោយសន្តិវិធីនៅខាងមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដាក់លិខិតស្នើសុំពន្លឿននីតិវិធីលើពាក្យបណ្តឹងដែលបានដាក់ជូនក្រសួងនេះកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
ពាក្យបណ្តឹងដែលបានដាក់ជូន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ទាក់ទងនឹងករណីវិវាទការងារ ដោយយោងតាមកម្មវត្ថុដូចតទៅ៖
១. ទាមទារក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ២៩នាក់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល (Naga Academy) ចូលធ្វើការវិញ និងគិតប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការវិញ។
២. ទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ២៨១នាក់ និង ETP ចំនួន ១១នាក់ ដែលបានចូលរួមធ្វើកូដកម្មចូលធ្វើការនៅកន្លែងដើមវិញ និងគិតប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។
៣. ទាមទារក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ៨៥នាក់ ដែលក្រុមហ៊ុនបញ្ឈប់ដោយខុសច្បាប់ចូលធ្វើការវិញ ដោយគិតប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។
ក្រសួងបានទទួលយកលិខិតស្នើសុំនេះ និងបានជួបពិភាក្សាជាមួយតំណាងរបស់កម្មករនិយោជិត ព្រមទាំងបានសន្យាថានឹងពន្លឿនលើនីតិវិធីនេះ។ ការជួបជុំនេះមិនមានការរារាំងពីសំណាក់អាជ្ញាធរនោះទេ៕រក្សាសិទ្ធដោយ៖សុទ្ធលី














