ភ្នំពេញ: សារលិខិតអបអរសាទរ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ”។
ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹងតារាជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ខ្ញុំមានក្តីសោមនស្សរីករាយ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនជនរួមជាតិទាំងអស់ ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំ សុខភាពមាតា ទារក កុមារ និងយុវវ័យ។ ប្រាកដណាស់ប្រធានបទនេះ គឺត្រូវពេលវេលា និងឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលក្នុងការអនុវត្តវិធានការគន្លឹះនានា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាការពិតណាស់ ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ដោយសារប្រទេសជាតិមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធ្វើឱ្យប្រជាពលរដ្ឋអាចប្រកបរបរជំរុញជីវភាពគ្រួសារ និងសង្គម បានប្រសើរជាងមុន។
ជាមួយនឹងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងការអនុវត្តដ៏មានប្រសិទ្ធភាព នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយការពារសង្គម ជាពិសេសដើម្បីគាំទ្រដល់ក្រុម ដែលងាយរងគ្រោះ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកវិសាលភាពនៃការគ្របដណ្តប់សេវា សុខាភិបាលជាសកលនៅកម្ពុជា។
ការបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ការពង្រឹងនិងបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល ព្រមទាំងការ បន្តវិនិយោគលើធនធានមនុស្សក្នុងវិស័យសុខាភិបាល និងបច្ចេកវិទ្យា វេជ្ជសាស្ត្រទំនើប ជាគន្លឹះចាំបាច់ក្នុងការ ធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាព ការព្យាបាលប្រកបដោយគុណភាព និងមានប្រសិទ្ធភាព ខ្ពស់។ ជាមួយនឹងការពង្រឹង និងកែលម្អសេវាសុខាភិបាលសាធារណៈនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក
មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ការចូលរួមជាដៃគូពីសេវាសុខាភិបាលឯកជនក្នុងប្រព័ន្ធសុខាភិបាល យើងបានផ្តល់នូវការទទួលបានសេវាវេជ្ជសាស្ត្រដែលមានគុណភាពកាន់តែប្រសើរ ជាពិសេសក្នុងការថែទាំ សុខភាពមាតា ទារក កុមារ និងយុវវ័យនៅកម្ពុជា។
ទោះបីជាយើងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក៏ដោយ ក៏យើងនៅតែត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឱ្យសេវាថែទាំសុខភាពរបស់យើងកាន់តែល្អប្រសើរឡើង និងផ្សព្វផ្សាយទៅកាន់មនុស្សកាន់តែច្រើន ថែមទៀត ក្រោមពាក្យស្លោក “ជីវិតមានសុខភាពល្អ កម្ពុជានឹងមានការរីកចម្រើន”។ សង្គមមានសុខភាពល្អ ជាគ្រឹះ នៃការអភិវឌ្ឍប្រកបដោយនិរន្តភាព។ ដើម្បីឱ្យកម្ពុជាសម្រេចទស្សនវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ចាំបាច់ត្រូវវិនិយោគធនធានក្នុងការលើកស្ទួយសង្គមជាតិឱ្យមានសុខភាពល្អ។ អាស្រ័យហេតុនេះ ក្នុងឱកាសដ៏មហោឡារីកនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ខ្ញុំសូម អំពាវនាវចំពោះបង-ប្អូន ជនរួមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការជាមួយក្រសួងសុខាភិបាល អនុវត្តសកម្មភាពដូចខាងក្រោម៖
១. យើងត្រូវលើកកម្ពស់ការយល់ដឹងបន្ថែមទៀត៖
- សូមឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ដើម្បីទទួលបាន ការពិនិត្យថែទាំ ទទួលបានវ៉ាក់សាំងបង្ការជំងឺ ធ្វើតេស្តដោយស្ម័គ្រចិត្តរកមេរោគដើម្បីលុបបំបាត់ ការចម្លងមេរោគអេដស៍/ស្វាយពីម្តាយទៅកូន និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលមានគ្រូពេទ្យទទួលបានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ។
- ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាពដោយយកកូនទៅពិនិត្យផង តាមកាល កំណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ ពិនិត្យតាមដានសុខភាពនិងការលូតលាស់ របស់កូន។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីទារកកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
- សូមប្រញាប់យកទារក ឬកុមារទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺ រលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬ មិនឡើងទម្ងន់ ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ និងទទួលការពិនិត្យ និងព្យាបាលនៅ មន្ទីរពេទ្យ។
- សូមយុវជន-យុវតី និងស្ត្រីក្នុងវ័យបន្តពូជ ទៅពិគ្រោះយោបល់ ទទួលការណែនាំ ការពិនិត្យ ឬ ព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិកដែលមានគ្រូពេទ្យជំនាញត្រឹមត្រូវ។ សូម ចូលរួមក្នុងការទប់ស្កាត់ និងលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេពី ឪពុកម្តាយទៅកូន និងចូលរួមក្នុងការទប់ស្កាត់ជំងឺមហារីកមាត់ស្បូន ដោយនាំកុមារីអាយុ៩ឆ្នាំទៅ ទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា។
២. សូមនាយកគ្រឹះស្ថានឯកជនដែលផ្តល់សេវាសុខាភិបាល ដូចជាបន្ទប់ថែទាំ មន្ទីរសម្រាកព្យាបាល មន្ទីរសម្ភព មន្ទីរពហុព្យាបាល ឱសថស្ថានឯកជន ត្រូវចូលរួមសហការជាមួយក្រសួងសុខាភិបាល ឬអង្គភាពពាក់ព័ន្ធក្នុងការគាំទ្រ ផ្តល់បច្ចេកទេស ផ្តល់សេវាប្រកបដោយគុណភាពជូនស្ត្រី មាតា ទារក និងកុមារ ក្នុងភាពជាដៃគូ និងក្នុងស្មារតីទទួលខុសត្រូវ ដើម្បីភាពរីកចម្រើននៃវិស័យសុខាភិបាល នៅកម្ពុជា។ ភាពជាដៃគូពហុភាគីពាក់ព័ន្ធមានសារៈសំខាន់ក្នុងការផ្តល់លទ្ធផលបន្ថែមទៀត។
៣. សូមអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ ស្ត្រី មានផ្ទៃពោះ ស្ត្រីមានកូនអាយុក្រោម២ឆ្នាំ មកទទួលសេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែកឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ ត្រូវជួយជំរុញស្ត្រីឱ្យមកទទួលសេវាបន្តតាមការ ណាត់ជួបរបស់ឆ្មប ឬគ្រូពេទ្យ និងសូមជួយតាមរកស្ត្រីដែលអាក់ខានមិនបានមកទទួលសេវា ឬ បោះបង់សេវា ឱ្យមកទទួលសេវា និងថ្នាំព្យាបាលតាមការកំណត់។ ក្នុងន័យនេះ ត្រូវចូលរួមគាំទ្រ ការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
៤. សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប អ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ត្រូវមានភារកិច្ចអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស នឹងសម្រេចតាមគោលដៅកំណត់។ អ្នកផ្តល់សេវាថែទាំសុខភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ការយល់ដឹងជាសាធារណៈ ការផ្តល់សេវាការថែទាំសុខភាពប្រកបដោយគុណភាព និងការផ្សព្វផ្សាយដល់អ្នកដែលត្រូវការជំនួយ។
៥. សូមមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រី បុគ្គលិកសុខាភិបាល ក្នុងការជួយអប់រំផ្សព្វផ្សាយសារអប់រំសុខភាព និងជួយតាមដានជំរុញ បញ្ជូន ស្ត្រី ឬយុវតីឱ្យមកទទួលសេវានៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬតាមការ ណាត់ជួបកុំបីខាន។
៦. សូមស្ថាប័នជាតិ អន្តរជាតិ អង្គការជាដៃគូពាក់ព័ន្ធទាំងអស់ គាំទ្រដល់ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជន បន្តវិនិយោគទាំងផ្នែកបច្ចេកទេស និងថវិកា លើការងារថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ ដើម្បីសម្រេចបានការគ្របដណ្តប់ការពិនិត្យថែទាំសុខភាពជាសកលនៅកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា “ខ្ញុំមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀតក្នុងឆ្នាំ២០២៥នេះ ក្រោមការដឹកនាំ ដែលមានថាមពល ប្រាជ្ញា និងចក្ខុវិស័យ របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វាមានសារៈសំខាន់សម្រាប់ រាជរដ្ឋាភិបាលក្នុងការវិនិយោគធនធានបន្ថែមទៀត ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ។ យើងមិន អាចអភិវឌ្ឍប្រទេសរបស់យើង ដោយគ្មានមនុស្សដែលមានសុខភាពល្អនោះទេ។
ខ្ញុំសូមអរគុណជាអនេកចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញ អង្គការជាតិ អន្តរជាតិ កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល វិស័យឯកជន អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងសប្បុរសជនទាំងអស់ដែលបាន និងកំពុងគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ។ រួមគ្នា យើងអាច សម្រេចបានកាន់តែច្រើន។ យើងទាំងអស់គ្នាអាចរួមគ្នាកសាងសង្គមមួយប្រកបដោយសុខភាពល្អ។ រួមគ្នា យើងអាចសម្រេចបាននូវចក្ខុវិស័យ ឆ្នាំ២០៥០ របស់យើង។
ខ្ញុំសូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឱ្យស្ថិតនៅជាប់ជាមួយយើង ជានិច្ច ដើម្បីជំរុញការអនុវត្តសកម្មភាពទាំងអស់ឱ្យសម្រេចបានគោលដៅតាមការកំណត់ទុក”៕រក្សាសិទ្ធដោយ៖សុទ្ធលី








