Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម រួមគ្នាបង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និង តំបន់

ភ្នំពេញ: នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច និងកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលអនុវត្ត ផែនការសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ច ការងារ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ពិនិត្យវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រ កម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង ដែលបានផ្តល់នូវការស្វាមគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូនគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ។

ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខទូទៅនៃប្រទេស ទាំងពីរ ជាពិសេសគោលនយោបាយអាទិភាពនានារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយ បញ្ហាប្រឈមមួយចំនួន ដូចជា បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា បទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ រវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ។

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុង ឆ្នាំ២០២៤ កន្លងទៅនេះ ជាអាទិ៍ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយគាំទ្រផ្នែកសម្ភារៈបច្ចេកទេស កិច្ចសហការរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តា ខេត្តជាប់ព្រំដែនក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន អំពើជួញដូរ-រត់ពន្ធមនុស្សឆ្លងដែន ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមខ្សែបន្ទាត់ព្រំដែនបានល្អប្រសើរ ដែលរួមចំណែកបង្កលក្ខខណ្ឌ សមស្របដល់ការរស់នៅ និងការប្រកបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។

ក្នុងស្មារតីបន្តអនុវត្តនូវយន្តការសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម សំដៅ បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និង តំបន់ ការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស សំដៅឆ្លើយតបបានសមស្របទៅនឹង ការវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិនប្រពៃណីដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជួបសម្តែងការគួរ សមចំពោះ ឯកឧត្តម ផាម មិញវិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តមអភិសន្តិបណ្ឌិត បានអបអរសារទរ ចំពោះទំនាក់ទំនងដ៏ល្អ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះ ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ដែលបានឯកភាពក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្តែងនូវ ការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំដាក់ចេញនូវគោលនយោបាយប្រកប ដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលវៀតណាម ដែលនាំមកនូវសមិទ្ធផលគួរជាទីមោទនៈ ជូនជាតិ និងប្រជាជន។

ក្នុងជំនួបនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កា ដែលកើត ចេញពីទំនាក់ទំនង ដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ តាមរយៈការផ្តល់កិច្ចសហការ គាំទ្រគ្នា ទៅវិញទៅមក រួមចំណែកដល់ការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនាពេលកន្លងមក ។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងថ្នាក់ដឹកនាំ កំពូលនៃប្រទេសទាំងពីរ និងការរីកចម្រើនជាលំដាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរលើគ្រប់វិស័យ និងគ្រប់កម្រិត។ ទន្ទឹមនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានកោតសរសើរ ឯកឧត្តមសន្តិបណ្ឌិត ក្នុងនាមជាថ្នាក់ដឹកនាំបន្តវេនមួយរូបដែលចូលរួមដឹកនាំនាវាកម្ពុជាបន្តឆ្ពោះទៅរកការអភិវឌ្ឍ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×