Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកតាអាចារ្យម្នាក់អាយុជិត៩០ឆ្នាំ លបកាប់បុរសម្នាក់ស្ទើរស្លាប់ ព្រោះជម្លោះព្រំដីស្រែត្រឹម៣តឹក និងរឿងប្រចណ្ឌ ត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្តាល៖ លោកតាអាចារ្យម្នាក់អាយុជិត៩០ឆ្នាំបានចងគំនុំព្រោះតែជម្លោះព្រំដីស្រែ និងភ្លើងប្រចណ្ឌ ហើយឈានទៅដល់ការលបកាប់ប្រហារបុរសម្នាក់បណ្ដាលឱ្យរបួសធ្ងន់ ត្រូវសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ខណៈពេលដែលជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះ។

លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ស កែវ ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ ដោយរងរបួសធ្ងន់ ចំណែកជនសង្ស័យមាន ឈ្មោះ ម៉ា ដុស អាយុ៨៨ឆ្នាំ មុខរបរអាចារ្យវត្ត និងមានទីលំនៅក្បែរជនរងគ្រោះ។

អធិការនគរបាលបានប្រាប់ថា កាលពីអំទ្បុងឆ្នាំ២០២៣ ជនរងគ្រោះ និងប្រពន្ធរបស់ជនសង្ស័យឈ្មោះ មៀច អឿន បានទៅវាស់បោះបង្គោលព្រំដីស្រែ ដែលមានព្រំដីជាប់គ្នា ហើយដីរបស់ជនសង្ស័យបាត់អស់ ៣តឹក ពេលនោះជនសង្ស័យ ក៏ចាប់ផ្ដើមខឹងគំគួនជនរងគ្រោះ និងប្រចណ្ឌរករឿងប្រពន្ធរបស់ខ្លួនថា បានសហាយស្មន់ជាមួយជនរងគ្រោះចាប់តាំងពីពេលនោះមក។ ជនសង្ស័យតែងតែជេរដៀមដាមប្រពន្ធ រឿងលួចលាក់សហាយស្មន់ ជាមួយជនរងគ្រោះ តែជនរងគ្រោះ និងប្រពន្ធរបស់ជនសង្ស័យ ពុំមានទំនាក់ទំនងសហាយស្មន់ជាមួយគ្នានោះទេ។

លុះនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ជនសង្ស័យបានរករឿងជេរប្រពន្ធរឿងសហាយស្មន់នៅផ្ទះជនរងគ្រោះ។ ពេលនោះជនរងគ្រោះ បានសួរនាំជនសង្ស័យ ហើយក៏មានការទាស់ប្រកែកពាក្យសម្ដីគ្នា រហូតជនសង្ស័យ បានបបួលជនរងគ្រោះកាប់គ្នា តែជនរងគ្រោះមិនបានតបតអីទេ។ ជនសង្ស័យបានបោះពាក្យសម្ដីថា កុកហើរលើមេឃ គង់អីនិងជាប់ជុង។

ក្រោយពីមានទំនាស់ពាក្យសម្ដីជាមួយជនរងគ្រោះ ជនសង្ស័យបានរករឿងប្រពន្ធរបស់ខ្លួនកាន់តែខ្លាំង ហើយចាប់ពីថ្ងៃនោះមកប្រពន្ធជនសង្ស័យលែងហ៊ាននៅផ្ទះជាមួយ គឺបានទៅរស់នៅផ្ទះកូនប្រុសឈ្មោះ ជា វណ្ណៈ ដែលនៅភូមិជាមួយគ្នា។

លោកអធិការស្រុកបានបន្តថា ស្រាប់តែនៅថ្ងៃកើតហេតុវេលាម៉ោង ១២៖៣០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ពេលជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះរបស់ខ្លួនតែម្នាក់ឯង ជនសង្ស័យឃើញឱកាសល្អ ក៏យកកាំបិតខ្វែវដែលទុកនៅក្នុងរោងខាងមុខផ្ទះ ទៅលបកាប់ជនរងគ្រោះកំពុងដេកលើអង្រឹងចំនួន១កាំបិតចំទ្រូង។ ភ្លាមៗហើយជនរងគ្រោះ ក៏បានរត់ចុះពីលើអង្រឹងទៅមុខផ្ទះ រួចជនសង្ស័យបានរត់ដេញ តាមកាប់ជនរងគ្រោះ១កាំបិតទៀតពីក្រោយ ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្ដាលឲ្យជនរងគ្រោះដួលនៅមុខផ្ទះ។

ពេលនោះជនរងគ្រោះបានស្រែកឲ្យគេជួយ ហើយក៏ត្រូវជនសង្ស័យកាប់ទៅលើជនរងគ្រោះចំនួន២កាំបិតបន្ថែមទៀត ត្រូវចំស្មាចំនួន១កន្លែង និងត្រូវចំក្រោមកញ្ចឹងកចំនួន១កន្លែង ហូរឈាមស្រោចពេញខ្លួន រងរបួសធ្ងន់ បន្ទាប់មកក៏ត្រូវបានអ្នករស់នៅក្បែរខាង បានស្រែកឆោឡោនាំគ្នាជួយ។

ពេលនោះជនសង្ស័យ ក៏បានដើរមកផ្ទះរបស់ខ្លួន យកកាំបិតទៅទុកនៅក្រោមផ្ទះ ក្នុងពេលនោះ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយអំពារ ក៏បានមកដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកប៉ុស្តិ៍តែម្ដង ចំណែកជនរងគ្រោះដោយរងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្កោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។

ក្រោយពីធ្វើការសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ លោកតាអាចារ្យដែលជាជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅ កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×