ខេត្តកំពង់ចាម: “លោកអភិបាលស្រុកស្រីសន្ធរ បានធ្វើរបាយការណ៍មួយថាមិនមានល្បែងស៊ីសងនោះទេតែក្រុមការងារបានចុះស៊ើបអង្កេតដោយសម្ងាត់ឃើញថាមានទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន៥កន្លែងបានលួចបើកលេងនៅក្នុងស្រុកស្រីសន្ធរ” នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមជួន សុវណ្ណ ប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងនារសៀលថ្ងៃទី១៩កុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំស្ដីពីការទប់ស្កាត់និងបង្រ្កាបល្បែងស៊ីសងផ្សងសំណាងនៅខេត្តកំពង់ចាម ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត ដោយមានការចូលរួមពីលោកអធិការ នាយប៉ុស្តិ៍ លោកអភិបាលក្រុង-ស្រុកទាំង១០ ព្រមទាំងលោកមេឃុំ-ចៅសង្កាត់ផងដែរ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមមានប្រសាសន៍ដោយលើកឡើងថា:
ការបើកល្បែងស៊ីសងគឺមិនអនុញ្ញាតឲ្យមាននៅក្បែរទីតាំងសាលារៀននិងទីវត្តអារាមនោះទេ សំដៅធានាដល់សុវត្ថិភាពដល់សិស្សរួមទាំងព្រះសង្ឃ។ ដោយឡែកសម្រាប់ទីតាំងដែលបិទទាំងអស់កន្លងមកមានចំនួន៤៩៤ ទីតាំង ក្នុងនោះមានចំនួន៣ ទីតាំងក្នុងក្រុងកំពង់ចាម ដែលគ.ល.ក បានបញ្ជាក់ថាជាទីតាំងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ហេតុនេះក្រុមការងារមិនបានធ្វើកិច្ចសន្យាបញ្ឈប់ទេ តែបានធ្វើកិច្ចសន្យាផ្អាកជាបណ្ដោះអាសន្ន។
ឯកឧត្តមអភិបាលខេត្តបានបន្តឲ្យដឹងទៀតថា ជាមួយនោះក្រុមការងារនៅតែបន្តយ៉ាងសកម្មចុះតាមដានត្រួតពិនិត្យទីតាំងល្បែងស៊ីសងឆ្នោតអាជីវកម្មពាណិជ្ជកម្មគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម ទាំងនៅថ្នាក់ខេត្តក្រុងស្រុកដោយធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹមចុះឃ្លាំមើល ទីតាំងល្បែងដែលធ្វើកិច្ចសន្យាបិតកន្លងមកមិនឲ្យមានលបលួចបើកឡើងវិញឡើយនិងល្បាតតាមភូមិសាស្ត្រត្រួតពិនិត្យមើលទីតាំងផ្សេងទៀតដែលលបលួចបើកលេងល្បែង ដោយចាត់វិធានការបង្ក្រាបនៅនិងកន្លែងតែម្ដង។ជាលទ្ធផលឆ្នាំ២០២៤នេះ លើទីតាំងដែលបានធ្វើកិច្ចសន្យារួចមិនមានការបើកឡើងវិញទេ។
ឯកឧត្តមជួន សុវណ្ណ ប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងដែរថាក្រុមការងារចុះមកនៅខេត្តកំពង់ចាមផ្ដល់លទ្ធភាពឱ្យក្រុមរបស់លោកបានជួបពិភាក្សាជាមួយនឹងគណៈបញ្ជាការឯកភាពខេត្ត។ បេសកកម្មពិសេសរបស់ក្រុមលោកទទួលបានការចាត់តាំងពីសម្ដេចបវរធិបតី ដើម្បីធ្វើការតាមដាននៅការអនុវត្តកូកាដែលបានដាក់ចុះធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពក្នុងកម្រិតណាបញ្ហាប្រឈមណាខ្លះ ដែលទាក់ទងទៅការអនុវត្តប្រកបដោយប្រសិទ្ធភាព។សូមបញ្ជាក់ថាគោលបំណងនៃការមកនេះ ដើម្បីក្តាប់រាល់សំណូមពរដែលទទួលបានពីការប្រជុំនេះយកទៅរាយការណ៍ជូនដល់សម្ដេចបវរធិបតី។
ឯកឧត្តមជួន សុវណ្ណ ប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះបញ្ហាល្បែងស៊ីសងបើនិយាយពីសាវតាវិញមិនមែនទើបតែកើតមានក្នុងពេលនេះទេ។សូម្បីតែនៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក៏បានលើកឡើងពីល្បែងស៊ីសងនេះនិងបានដាក់ផែនការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីបង្ក្រាបល្បែងស៊ីសងនៅទូទាំងប្រទេស។
សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានលើកឡើងថាល្បែងស៊ីសងប្រៀបបានបីដូចជាជំងឺមហារីកដ៏កាចសាហាវដែលពិបាកនឹងព្យាបាល។ ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោនិងសម្ដេចក្រឡាហោម នៅទូទាំងប្រទេសកម្ពុជា បានរកឃើញមានទីតាំងបើកល្បែងស៊ីសង មានរហូតដល់ជាង ៦០០០កន្លែង ។ក្នុងរយៈពេលជាងមួយខែគណបញ្ជាការឯកភាពខេត្តកំពង់ចាមបានលុបបំបាត់ទាំងស្រុង នៅទីតាំងល្បែងស៊ីសងដែលមានរហូតដល់ជាង ៤០០ទីតាំង ក្នុងនោះមានធ្វើកិច្ចសន្យានិងការបង្ក្រាបមិនឲ្យមានល្បែងស៊ីសងដោយបិទទ្វារមិនឲ្យដំណើរការ។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី


















