ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ ដកបញ្ឈរជើងអធិការរងខណ្ឌសែនសុខ ហឿង វឿន និង អនុសេនីយ៍ឯក មាស ភារម្យ ក្រោយមានករណីចុះត្រួតពិនិត្យជាតិអាល់កុល នៅក្នុងខណ្ឌសែនសុខ ដែលមានបាតុភាពរុញច្រាន លោកបណ្ឌិត សុខ ទូច ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញលិខិតបង្គាប់ការឱ្យមន្ត្រីនគរបាលពីររូប បង្ហាញខ្លួននៅការិយាល័យបុគ្គលិក ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា គឺវរសេនីយ៍ទោ ហឿង វឿន អធិការរង ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងលោកអនុសេនីយ៍ឯក មាស ភារម្យ មន្រ្តីកងអន្តរាគមន៍ពិសេស ចំណុះការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ការបញ្ឈរជើងមន្ត្រីនគរបាលទាំង២រូប គឺបណ្តាលមកពីមូលហេតុ «ល្មើសបទវិស័យនគរបាលជាតិកម្ពុជា»៕ រក្សាសិទ្ធដោយ៖សុទ្ធលី








