Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ៖ កម្ពុជាបាននិងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាក់ស្តែង កម្ពុជាបាននិងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជាអាចរក្សា បាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ប្រមាណ៦ភាគរយ ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាបានរងកម្មវិបាកអវិជ្ជមានពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិផ្សេងៗទៀត នាពេលកន្លងទៅក៏ដោយ ដែលការរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតនេះ បានប្រែក្លាយកម្ពុជា ជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាបតាំងពីឆ្នាំ២០១៥មក។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍យ៉ាងបែបនេះ ក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវ ការនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តក្រុមប្រឹក្សាជាតិគាំពារសង្គមឱ្យបន្តរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជានៅឆ្នាំជាបន្តបន្ទាប់ទៀត ដោយបង្កើតឱ្យមានកិច្ចពិភាក្សា និងការផ្សព្វផ្សាយអំពីប្រព័ន្ធគាំពារសង្គមរបស់កម្ពុជាឱ្យបានទូលំទូលាយរហូតអាចដល់កម្រិតតំបន់ថែមទៀត ហើយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការខ្ពស់ ដើម្បីរួមគ្នាសម្រេច ឱ្យបាននូវគោលនយោបាយអាទិភាពទាំង៣ ដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក្នុងចំណោមអាទិភាព ទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អាទិភាពគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល គឺការរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកដោយសមធម៌ តាមរយៈការវិនិយោគលើវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេសប្រព័ន្ធគាំពារសង្គមដែល រាជរដ្ឋាភិបាលបានទទួលស្គាល់ថា ការវិនិយោគនេះបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការកសាងសង្គមមួយប្រកបដោយសមធម៌ ភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង ដែលជាលទ្ធផលផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់បានកើនឡើងជិត៩ដង គឺប្រមាណពី ៣១០ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០០០ រហូតដល់ប្រមាណ ២ ៧១៣ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្របានធ្លាក់ចុះជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា ជារួមផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន ដែលអនុញ្ញាតិឱ្យយើងអាចដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារកំណែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងដោយសម្រេចបាននូវលទ្ធផលជាទីមោទនៈ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា កន្លងមករាជរដ្ឋាភិបាលបានអនុវត្តន៍នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមឱ្យមានសង្គតភាព ប្រសិទ្ធភាព ចីរភាព និងបរិយាបន្នដូចសព្វថ្ងៃ។ សូមជម្រាបជូនថា សប្តាហ៍គាំពារសង្គមកម្ពុជា គឺជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ គោលនយោបាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គមពីប្រទេសផ្សេងៗទាំងក្នុងតំបន់ និងលើសកលលោក ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជាដល់អ្នកទទួលផល និងសាធារណជនឱ្យបានជ្រាបកាន់តែច្បាស់បន្ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះកិច្ចការងារពាំពាសង្គម លើផ្នែកសុខមាលភាពរបស់ប្រជាជនកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជជនកម្ពុជា នៅតែបន្តធ្វើឱ្យកាន់តែសកម្ម និងមានវិសាលភាពកាន់ធំបន្ថែមទៀត បើទោះបីជាមានបុគ្គលមួយចំនួនតូចរង់ចាំអង្គុយរិះគន់ តែមិនបានចូលរួមជួយអ្វីបន្តិចសោះចំពោះប្រជាជន និងមាតុភូមិកម្ពុជា។

សម្តេចបវរធិបតី ប្រមុខនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅបន្តសកម្មភាពក្នុងទិសដៅបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល មិនមានពេលវេលាណាមួយដើម្បីភូតភរប្រជាពលរដ្ឋនោះទេ និងមិនមានពេលវេលានិយាយដោយការស្រមើលស្រម៉ៃនោះទេ តែរាជរដ្ឋាភិបាល បានធ្វើគ្រប់យ៉ាងដោយបង្ហាញនូវការពិត ព្រមទាំងលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការងារបម្រើប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ពីព្រោះប្រជាពលរដ្ឋជាច្រើនលើសលប់ បានផ្តល់នូវជំនឿទុកចិត្តមកគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសដឹកនាំរាជរដ្ឋាភិបាល ដូច្នេះវាគ្មានអ្វីដែលមន្ត្រីគណបក្សប្រជាជនកម្ពុជា រុញរាបម្រើនូវសេចក្តីត្រូវជាចាំបាច់របស់ប្រជាពលរដ្ឋនោះទេ។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំរាជរដ្ឋាភិបាលច្បាស់ណាស់ គោលនយោបាយជាតិគាំពារសង្គម នៅតែបន្តអនុវត្តន៍ ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់ពលរដ្ឋកម្ពុជាទាំងអស់សារជាថ្មីថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ប្តេជ្ញាបន្តកំណត់យកការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយ ភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយសម្តេចនៅតែបន្តប្តូរផ្តាច់ដឹកនាំ នាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខយ៉ាង ស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាល បានរៀបចំ និងដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលមានចក្ខុវិស័យ រយៈពេលវែង ក្នុងការផ្ដល់ការគាំពារដល់ពលរដ្ឋគ្រប់រូប ទល់នឹងអសន្តិសុខ ប្រាក់ចំណូល ក្នុងពេលប្រឈមនឹងហានិភ័យនានា ក្នុងដំណាក់កាលនីមួយៗនៃវដ្ដជីវិត សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាព, កាត់បន្ថយភាពក្រីក្រ, វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×