ភ្នំពេញ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ កុម្ភៈ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីបើកសប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥ និងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤ – ២០៣៥ ។
សប្តាហ៍គាំពារសង្គម ជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និងឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គម ពីបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកល ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដល់សាធារណជន ឱ្យជ្រាបកាន់តែច្បាស់។ សម្រាប់ឆ្នាំ២០២៥ នេះ, សប្តាហ៍គាំពារសង្គមកម្ពុជា នឹងត្រូវរៀបចំឡើងក្រោមមូលបទ “អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរ ទៅតាមហានិភ័យនៃវដ្ដជីវិត” ។
“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” ដែលជាការធ្វើបច្ចុប្បន្នកម្ម “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” ក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយបន្តតម្រង់ទិស សម្រាប់រយៈពេល ១១ឆ្នាំ ទៅមុខ ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា ក៏ដូចជាការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាប្រជាសាស្ត្រ ជាទូទៅ, សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សុខភាព ជីវភាព ជីវិត ការរស់នៅ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ នៅតែជាអាទិភាពចម្បងរបស់រដ្ឋាភិបាល ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ក្នុងនោះអ្វីដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ត ក៏បានលេចចេញជារូបរាងជាបន្តបន្ទាប់ ដោយមិនមែនមានតែការនិយាយ ឬគ្រាន់តែជាទ្រឹស្តីនោះទេ តែជាក់ស្តែងរាជរដ្ឋាភិបាល បានបន្តធ្វើ ហើយបានរុញដល់ប្រជាពលរដ្ឋ ឱ្យទទួលបាននូវអត្ថប្រយោជន៍នានា ពីកិច្ចការងារគាំពាសង្គមនេះរួចរាល់ហើយដែរ ។
សម្តេចធិបតី មានប្រសាសន៍ថា “ការប្រកាសនូវសប្តាហ៍គាំពារសង្គម មិនបាននិយាយថាខ្ញុំនឹងចាប់ផ្តើមនោះទេ អត់ទេ ៧លាន៦សែននាក់ បានទទួលផលរួចទៅហើយ តាំងពី២០១៧មក ហើយយើងនិងបន្តធ្វើទៅទៀត នេះគឺជាអ្វីដែលជាការធ្វើជាក់ស្តែងរបស់ប្រជាជន រវាងអ្នកថា និងអ្នកធ្វើ អ្នកថាថាទៀតចុះ អ្នកធ្វើនៅតែបន្តធ្វើ ធ្វើនៅក្នុងទិសដៅដើម្បីបម្រើប្រជាពលរដ្ឋ ដើម្បីផ្តល់សេវាពិតប្រាកដឱ្យប្រជាពលរដ្ឋ យើងអត់មានពេលទៅភូតគាត់ទេ យើងអត់មានពេលនិយាយ ដោយស្រមើស្រមៃទេ ត្រូវតែបង្ហាញការពិត និងលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ ហើយនេះជាកាតព្វកិច្ចរបស់យើង ដែលប្រជាពលរដ្ឋ បានផ្តល់ការទុកចិត្ត ឱ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើគាត់ យើងត្រូវតែឆ្លើយតបទៅតាមកិច្ចការងារនេះ” ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














